(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើរៀបចំសួនច្បារឲ្យបានស្អាតៗ ដើម្បីឲ្យប្រជាពលរដ្ឋ ហាត់ប្រាណ ជៀសវាង ពីជំងឺផ្សេងៗ។ បន្ថែមពីលើនោះ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ការងារអប់រំ គឺជាការងារមួយ ដែលត្រូវតែធ្វើ ហើយត្រូវបន្តធ្វើពីជំនាន់មួយ ទៅជំនាន់មួយទៀត ដោយមិនអាចរាថយបាន នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេច អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារ ឆ្នាំសិក្សា ឆ្នាំ២០១៥-២០១៦និងលើកទិសដៅសម្រាប់ ឆ្នាំសិក្សា២០១៦-២០១៧ របស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។
បញ្ជាក់ឲ្យដឹងនៅក្នុងពិធីនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា « យើងត្រូវទុកសួនច្បារទាំងឡាយ រៀបចំឲ្យបានល្អ ដើម្បីប្រជាពលរដ្ឋរបស់យើងហាត់ប្រាណ ដើម្បីកាត់បន្ថយជំងឺនេះ ជំងឺនោះ រាប់ទាំងជំងឺដាច់សរសៃរឈាមផងដែរតាមរយៈការហាត់ប្រាណ»។
ជាការកត់សំគាល់ សម្តេចតេជោ ហ៊ុន សែនផ្ទាល់ តែងហាត់ប្រាណ ទៅលើកីឡាវាយកូនហ្គោល និងរត់ប្រណាំងជារៀងរាល់ ចុងសប្តាហ៍។ សម្តេចតេជោ ហ៊ុន សែន ថាការហាត់ប្រាណជាប្រចាំនេះ នឹងជួយមួយផ្នែកឲ្យទទួលបានសុខភាពល្អ៕
សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖