(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឲ្យដឹងថា ការគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន ទាំងផ្នែក ស្មារតី និងយុទ្ធសាស្រ្តល្អៗសំភារៈ និងហិរញ្ញាវត្ថុ ជាកត្តាកំណត់ដែលធ្វើឲ្យកំណែទម្រង់ ប្រឡងនេះទទួលបានជោគជ័យ។ រដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បន្តថា ការគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន នេះហើយបានធ្វើឲ្យគ្រប់មជ្ឈដ្ឋានទាំងអស់ផ្តល់ការគាំទ្រដល់ដំណើរការកំណែទម្រង់។
លោក ហង់ ជួនណារ៉ុន បានបន្ថែមថា សម្តេចតេជោ គឺជារដ្ឋបុរសដែលមានការឈ្លាសវៃ និងយល់ច្បាស់ពីតម្រូវការ របស់កម្ពុជាក្នុង ដំណាក់កាលថ្មី ជាពិសេសក្នុងការអភិវឌ្ឍវិស័យឧស្សហហ៍កម្ម សេវាកម្ម កសិកម្មបែបទំនើបដើម្បីឲ្យកម្ពុជាឈានទៅប្រទេសមានការអភិវឌ្ឍន៍។
រដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានលើកឡើងបែបនេះ ខណៈលោកបានចូលរួមនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សា ឆ្នាំ២០១៥-២០១៦ និងលើកទិសដៅ សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ របស់ ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។
រដ្ឋមន្រ្តីក្រសួងអប់រំ បានបន្ថែមយ៉ាងដូច្នេះថា «នៅពេលដែលអាត្រាសិស្សានុសិស្សប្រឡងជាប់ មានចំនួនទាបបំផុត ដែលអាចធ្វើឲ្យកំណែ ទម្រង់នេះ មានការដួលរលំ តែសម្តេច មានចក្ខុវិស័យវែងឆ្ងាយបានអនុញ្ញាតឲ្យក្រសួងបន្តការងារកំណែទម្រង់នៃការ ប្រឡងនេះបន្តទៀត ដោយប្រែក្លាយវិបត្តិនេះឲ្យទៅជាកាលានុវត្តភាព»។
លទ្ធផលដែលមានជាបន្តបន្ទាប់ ដោយកើតចេញពីកំណែទម្រង់វិស័យអប់រំ បានកើតឡើងក្រោយពីមានការជ្រោមជ្រែង ពីរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ការជួយសាងសង់ផ្ទះ និងផ្តល់ប្រាក់បៀវត្សរ៍, ប្រាក់ឧបត្ថម្ភជាប់កិច្ចសន្យា សម្រាប់គ្រូបង្រៀន កាន់តែជួយជំរុញ និងលើកទឹកចិត្ត បន្តការងារកំណែទម្រង់នេះរឹតតែខ្លាំងឡើងថែមទៀត, ការពង្រឹង និងការពង្រីក វិស័យសិក្សា, បន្តពង្រឹងការប្រឡងគ្រប់ប្រភេទ ជាពិសេសការ ប្រឡងសញ្ញាប័ត្រមធ្យមសិក្សា និងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ធ្វើតែងប្រឡង និងវាយតម្លៃកម្រិតសិក្សារបស់សិស្សក្នុងតំបន់កម្រិតសិក្សា, មធ្យមសិក្សាជាដើម។
លោក ហង់ ជួនណារ៉ុន តំណាងឲ្យមន្រ្តីអប់រំទូទាំងប្រទេស សូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសប្រកបដោយ សុខសន្តិភាព និងបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ។ លោក ហង់ ជួនណារ៉ុន បានអរគុណដល់សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកវិស័យអប់រំ ជាយុទ្ធសាស្រ្តសេដ្ឋកិច្ច និងជាវិស័យអភិវឌ្ឍកំណើន ធនធានមនុស្ស សម្រាប់ អភិវឌ្ឍសង្គមជាតិ៕