(ភ្នំពេញ)៖ រដ្ឋមន្រ្តីស្តីទីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានថ្លែងឲ្យដឹងថា «រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅ ប្រកបដោយមហិច្ឆតា ក្នុងការពង្រីកវិសាលភាព នៃការផ្គត់ផ្គង់អគ្គិសនីឲ្យទៅដល់គ្រប់ភូមិ១០០% នៅត្រឹមឆ្នាំ២០២០ និងមានអគ្គិសនី ប្រើប្រាស់តាមផ្ទះឲ្យបានយ៉ាងតិច៧០% នៅត្រឹមឆ្នាំ២០៣០»។
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ លោក រង្ស៊ី វិស្សុត បានអញ្ជើញជាអធិបតីនៅក្នុងពីធីបើកសិក្ខាសាលាស្តីពី «ក្របខ័ណ្ឌពហុកម្រិត នៃការស្ទាបស្ទង់មតិ ជាសាកលនៅកម្ពុជា ឧបករណ៍ថ្មីសម្រាប់វាស់ស្ទង់កម្រិត នៃការទទួលបានថាមពល» ដែលសហការរៀបចំដោយក្រសួងរ៉ែ និងថាមពល និងធនាគារពិភពលោក (WB)។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលព្រមទាំងវិស័យឯកជនជាច្រើននាក់ផងដែរ។
លោក វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមជាអន្តរជាតិនានា ដោយរួមទាំងគំនិតផ្តួវផ្តើមស្តីពី ចិរភាពថាមពលសម្រាប់ទាំងអស់គ្នា (Sustainable Energy for All) និងការទទួលបាននូវថាមពល ដែលមានតម្លៃសមរម្យ ស្ថេរភាព និងនិរន្តរភាពនៅត្រឹមឆ្នាំ២០៣០ ដែលជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧។ កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសមួយ នៅក្នុងចំណោមបណ្តាប្រទេសទាំង១៥ លើសកលលោក ដែលត្រូវធ្វើការស្ទង់មតិ និងប្រមូលទិន្ន័យពាក់ព័ន្ធនឹង ការផ្គត់ផ្គង់ថាមពល។ លទ្ធផលនៃការសិក្សានេះ នឹងផ្តល់ដល់អ្នករៀបចំគោលនយោបាយ របស់រាជរដ្ឋាភិបាល នូវព័ត៌មានគន្លឹះពាក់ព័ន្ធនឹងគុណភាព ស្ថេរភាព សុវត្ថិភាព និងតម្លៃនៃសេវាថាមពលនៅកម្ពុជា ដែលជាធាតុចូលដ៏ចាំបាច់សម្រាប់ការរៀបចំ និងឈានទៅដាក់ចេញនូវគោលនយោបាយ និងកម្មវិធីសម្រាប់លើក កម្ពស់គុណភាពថាមពល និងបញ្ចុះថ្លៃថាមពល។
លោករដ្ឋមន្រ្តីស្តីទី បានគូសបញ្ជាក់ថា «ការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៅក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ។ ជាក់ស្តែងការពង្រីកវិសាលភាពនៃការផ្គត់ផ្គង់អគី្គសនី បើគិតតាមភូមិ គឺបានកើនឡើងពីប្រមាណតែ១០%ប៉ុណ្ណោះ នៅឆ្នាំ២០០៦ រហូតទៅដល់ ៧៤,៧% នៅក្នុងឆ្នាំ២០១៦ ហើយអត្រានៃការប្រើប្រាស់អគ្គិសនីតាមផ្ទះវិញ ក៏បានកើនឡើងពីប្រមាណ១៣,៤% នៅឆ្នាំ២០០៦ រហូតទៅដល់ ៥៨,២% នៅឆ្នាំ២០១៦ផងដែរ។ កិច្ចខិតខំប្រឹងប្រែងនេះ មិនត្រឹមតែជួយធ្វើឲ្យកម្រិតនៃជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនមានភាពប្រសើរឡើងប៉ុណ្ណោះទេ តែថែមទាំងបានជួយជំរុញដល់ការ អភិវឌ្ឍ សេដ្ឋកិច្ចផងដែរ ជាពិសេសការអភិវឌ្ឍវិស័យឧស្សាហកម្មតែម្តង»។
ជាក់ស្តែងតាមរយៈការពង្រីកនៃការផ្គត់ផ្គង់ អគ្គិសនីនៅក្នុងទូទាំងប្រទេស បានជួយធ្វើឲ្យយើងអាចធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ដោយបង្កើនចំណែក នៃវិស័យ ឧស្សាហកម្មនៅក្នុងផលិតផលក្នុងស្រុកសរុប (ផសស) ពីប្រមាណ២១% នៅក្នុងឆ្នាំ២០០០ មកក្នុងរង្វង់ប្រមាណ២៩% នៅក្នុងឆ្នាំ២០១៦។ ក្នុងន័យនេះថាមពលអគ្គិសនី គឺពិតជាមានសារៈសំខាន់ណាស់ និងជាកត្តាគន្លឹះបំផុត នៅក្នុងដំណើរការនៃអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចរបស់កម្ពុជា។ ដូច្នោះហើយទើបរាជរដ្ឋាភិបាលបានចាត់ទុកថា ការពង្រីកវិស័យថាមពល ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ ចរន្តអគ្គិសនី ស្របតាមកំណើននៃតម្រូវការ, មានស្ថេរភាពបំផុត និងមានតម្លៃសមរម្យ គឺជាកត្តាគន្លឹះនៅក្នុងការអនុវត្ត «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥» ក្នុងគោលដៅ ឆ្ពោះទៅប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ការផ្គត់ផ្គង់អគ្គីសនីប្រកបដោយគុណភាពនេះ ក៏ជាបុរេលក្ខខណ្ឌក្នុងការឆ្ពោះទៅរកសេដ្ឋកិច្ចរេខូបនីយកម្ម (digital economy) ដែលជាបរិបទថ្មីនៃសេដ្ឋកិច្ច របស់ពិភពលោកផងដែរ។
លោករដ្ឋមន្រ្តីស្តីទីបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កម្ពុជាពិតជាអាចសម្រេចបាននូវគោលដៅ ដ៏មហិច្ឆតាខាងលើនេះដើម្បីទ្រទ្រង់ដល់កិច្ចអភិវឌ្ឍលើគ្រប់វិស័យ និងការរស់នៅរបស់ប្រជាជន៕