(សៀមរាប)៖ លោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបប្រជុំ ជាមួយអ្នកជំនាញអន្តរជាតិ ដែលកំពុងបំពេញ ការងារអភិរក្សជួសជុល នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ ។
ជំនួបពិភាក្សានេះ ធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា ជាមួយនឹងស្ថាប័នអន្តរជាតិនានា ជាពិសេសគឺដើម្បីដឹងនូវបញ្ហាផ្សេងៗ ដែលស្ថាប័នអន្តរជាតិទាំងនោះជួបប្រទះក្នុងដំណើរបេសកកម្មរបស់ខ្លួន ក្នុងគោលដៅ ធ្វើយ៉ាងណាឲ្យការងារអភិរក្សបេតិកភណ្ឌអង្គរប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
ក្រោយស្តាប់បទបង្ហាញ និងការលើកឡើងពីអ្នកជំនាញរួចមក លោក ស៊ុំ ម៉ាប់ ក៏បានថ្លែងអំណរគុណ ចំពោះគ្រប់ស្ថាប័ន អន្តរជាតិទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារអភិរក្សជួសជុលក្នុងតំបន់អង្គរ។
លោក ស៊ុំ ម៉ាប់ ក៏បានស្នើឲ្យគ្រប់ស្ថាប័នទាំងអស់ ដែលជួបឧបសគ្គណាមួយក្នុងដំណើរការរបស់ខ្លួន សូមផ្តល់ដំណឹងឲ្យបាន ទាន់ពេលវេលា ដើម្បីឲ្យអាជ្ញាធរជាតិអប្សរាអាចជួយសម្របសម្រួល។ ក្នុងនោះដែរ ក៏មានការពិភាក្សានូវការឡើងថ្លៃ នៃតម្លៃ ថ្មភក់ក្នុងទីផ្សារ ដែលនេះជាកង្វល់នៃការដ្ឋានអន្តរជាតិ ព្រោះបញ្ហានេះបានធ្វើឲ្យតម្លៃ នៃការចំណាយលើការងារ ជួសជុល កាន់តែខ្ពស់ទៅៗ។
អគ្គនាយកអាជ្ញាធរអប្សរា ក៏បានសំណូមពរស្ថាប័នអន្តរជាតិទាំងអស់ ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាតុមូល ដែលគ្រោងនឹង រៀបចំនៅអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងផ្លាស់ប្តូរយោបល់បច្ចេកទេស និងគោលការរួមក្នុងកិច្ចការអភិរក្ស ជួសជុល ជាពិសេសសំដៅលើបច្ចេកទេសនៃការប្រើប្រាស់ថ្មភក់ថ្មី ជំនួសថ្មភក់ចាស់៕