(ភ្នំពេញ)៖ ឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសែនសុខ ខណ្ឌសែនសុខ ដែលមានតម្លៃ១៦២.៣៤៨ដុល្លារ ត្រូវដាក់សម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ បានលើកឡើងថា វត្តសែនសុខត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០-២០០១ ដោយសាលារាជធានីភ្នំពេញ ទុកជូនពុទ្ធសាសនិកបំពេញបុណ្យកុសលទៅតាមជំនឿព្រះពុទ្ធសាសនា។ ឧបដ្ឋានសាលាថ្មីនេះមានទំហំ១៦ម៉ែត្រ គុណនឹង២៣ម៉ែត្រ កម្ពស់ពីរជាន់ និងសមិទ្ធផលនានា ដែលជាការផ្តួចផ្តើមស្ថាបនា សាងសង់ដោយព្រះសង្ឃគណៈកម្មការអាចារ្យ ពុទ្ធបរិស័ទ សប្បុរសជននានា ធ្វើឲ្យវត្តមានហេដ្ឋារចនាសម្ព័ន្ធសមជាទីសក្ការៈ។
លោក ប៉ា សុជាតិវង្ស បានថ្លែងថា គ្រប់វត្តបាន និងកំពុងពង្រឹងការប្រតិបត្តិជំរុញការកសាងសំណង់នានា ជាគុណប្រយោជន៍សម្រាប់ព្រះពុទ្ធសាសនា និងពង្រឹងសណ្តាប់ធ្នាប់សង្ឃតាមវត្តនីមួយៗ។ លោកបានបន្តថា «ព្រះគ្រូចៅអធិការវត្ត បានយកព្រះទ័យទុកដាក់ខ្ពស់ថែមទៀត ក្នុងការចលនាពុទ្ធបរិស័ទ យុវជនយុវនារី ចូលរួមលុបបំបាត់គ្រឿងញៀន»។
លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងទៀតថា ព្រះពុទ្ធសាសនាដែលប្រជាពលរដ្ឋកម្ពុជា គោរពប្រណិបត្តិយ៉ាងមុតមាំនោះ មានជាង២៥៦០ឆ្នាំមកហើយ ប៉ុន្តែត្រូវផុតរលត់ និងបាត់បង់ក្នុងរបបប៉ុលពត ហើយទើបតែកកើតឡើងវិញ ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ ហើយប្រជាពលរដ្ឋ បាននាំគ្នាកសាងនូវសមិទ្ធផលនានា ក្នុងវត្តដើម្បីទុកជាស្រែបុណ្យរបស់ខ្លួន។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា «ប្រទេសកម្ពុជាមានសង្គ្រាមប្រមាណ៥រយឆ្នាំហើយ ទើបតែមានសន្តិភាព និងមានស្ថេរភាពនយោបាយប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ក្រោយការដឹកនាំតាមយុទ្ធសាស្ត្រឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា»។
លោកថា ផ្តើមចេញពីស្ថេរភាពនយោបាយនេះហើយ ទើបធ្វើឲ្យប្រទេសដ៏អភ័ព្វមួយនេះក្លាយជាប្រទេស មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។ ដូច្នេះទេប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាស្ថេរភាពនយោបាយ និងសមទ្ធផលទាំងឡាយដែលមាននេះឲ្យបានគង់វង់៕