(សៀមរាប)៖ លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និង ជាអភិបាលខេត្តសៀមរាប បានចូលរួមបើកកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការសាខា ស្តីពីការរៀបចំប្រារព្ធខួបលើកទី ១៥៤ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០១៧ នាថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៧ នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តសៀមរាប។
នៅក្នុងពិធីបើកនោះក៏មានការចូលរួមពី អ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដោយមានសមាសភាពចូលរួមពី លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រីជាប្រធានកិត្តិយស និង សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្តផងដែរ ។
បើកកិច្ចប្រជុំនោះ លោក ឃឹម ប៊ុនសុង បានលើកនូវរបៀបវារៈនៃកិច្ចប្រជុំ ក្នុងការត្រួតពិនិត្យទៅលើ សមាសភាព ក្នុងគណៈកម្មការ រៀបចំពិធីប្រារព្វខួបលើកទី១៥៤ ព្រមទាំងការងារពាក់ព័ន្ធមួយចំនួន។ ក្នុងនោះអភិបាលខេត្តសៀមរាប ក៏បានណែនាំ និង ផ្តល់មតិមួយចំនួនដល់កិច្ចប្រជុំទាំងមូល ក្នុងកិច្ចពិភាក្សាផ្លាស់ប្តូរ មតិយោបល់គ្នា ដើមី្បរកនូវមូលនិធិ ក្នុងការធានាបាននូវការអនុវត្តបន្តឲ្យទទួលជោគជ័យ និងត្រឹមត្រូវ តាមគោលដៅ នៃយុទ្ធសាស្ត្រ ចលនាមនុស្សធម៌កាកបាទក្រហមកម្ពុជា ។
ឆ្លងតាមកិច្ចពិភាក្សាយ៉ាងល្អិតល្អន់ និង ស៊ីជម្រៅនៃកិច្ចប្រជុំរួចមក លោក ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំមួយចំនួន សមាជិកគណៈកម្មាធិការសាខាកាក បាទក្រហមខេត្ត ក្នុងការប្រតិបត្តិនោះ គឺ ត្រូវបង្កើននូវការផ្សព្វផ្សាយអំពីសកម្មភាពនៃចលនាកាកបាទក្រហម តាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក ដើមី្បធ្វើការកៀងគររកនូវមូលនិធិយកមកទ្រទ្រង់សកម្មភាព នៃចលនាកាកបាទក្រហម ទៅតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ។
អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ក៏បានផ្តោតខ្ពស់ទៅលើការបណ្តុះបណ្តាលនូវធនធានមនុស្សក្នុងមូលដ្ឋាន ការស្វែងរកនូវដៃគូរលើការ រកនូវចំណូលមូលនិធិ ព្រមទាំងពង្រីកនូវសមាជិកភាព សាខាកាកបាទក្រហមកម្ពុជា ដើមី្បការបង្កើននូវថវិកាទ្រទ្រង់ សកម្មភាព ចលនាមនុស្សធម៌កាកបាទក្រហមកម្ពុជា ក្នុងការសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះជាដើម។
លោកបណ្ឌិតប្រធាន ក៏បានលើកនូវអនុសាស្ត្រ បទពិសោធន៍ល្អៗមួយចំនួន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លើការស្វែងរកនូវមូលនិធិសម្រាប់ទ្រទ្រង់កាកបាទក្រហម ទៅតាមគ្រប់រូបភាពដែលធ្វើ ទៅបាន ជាសំខាន់ចំពោះអង្គការដៃគូរ សប្បុរសជន និងការពង្រីកសមាជិកភាពកាកបាទក្រហមក្នុងការយកទៅប្រើប្រាស់ ជួយសង្គ្រោះដល់ជនរងគ្រោះ ចាស់ជរាគ្មានទីពឹង ជនពិការ អ្នកផ្ទុក និងកើតជម្ងឺអេដស៍ ស្ត្រី និង កុមារជាដើម ។
ក្នុងនោះដែរអង្គប្រជុំក៏បាន អនុម័តយកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ រៀបចំប្រារព្ធខួបលើកទី១៥៤ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០១៧ ដែលធ្វើនៅ រោងមហោស្រព រ៉ូសាណា ខេត្តសៀមរាប។
ចំណែក លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានធ្វើសេចក្តីរាយការណ៍ អំពីសកម្មភាព នៃចលនាមនុស្សធម៌ របស់គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ព្រមទាំងបានអាននូវ សេចក្តីសម្រេចស្តីពីការបង្កើត គណៈកម្មការរៀបចំប្រារព្វខួបលើកទី១៥៤ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហមឆ្នាំ២០១៧ព្រមទាំងពង្រាង នូវកម្មវិធី ក្នុងការរកមូលនិធិទ្រទ្រង់សកម្មភាពនៃចលនាមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ។
គួរបញ្ជាក់ថា នៅពេលខាងមុខនេះ គណៈកម្មាធិការសាខាកាកបាទក្រហម ក៏ដូចគណៈអភិបាលខេត្តសៀមរាប នឹងរៀបចំ ពិធីរាត្រីស្រមោលសរ ក្នុងការកៀងគរប្រមូលនូវមូលនិធិ ពីបងប្អូនសប្បុរសជន ភ្ញៀវជាតិ អន្តរជាតិ ក្នុងខេត្តដើមី្បយកមក ទ្រទ្រង់សកម្មភាពចលនាមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលជាប្រពៃណីនៃវប្បធម៌ចែករំលែកផងដែរ៕