(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ដល់ និងសាងសង់អគារសិក្សាជូនដល់លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត ទូទាំងប្រទេស មានរហូតដល់ជាង៤ពាន់ខ្នង រហូតមកដល់ខែមីនា ឆ្នាំ២០១៧នេះ ពោលបូករួមទាំងអគារសិក្សាថ្មីៗ ដែលសម្ដេចផ្ដល់ជូនចុងក្រោយ ក្នុងយុទ្ធនាការចុះសួរសុខទុក្ខដោយផ្ទាល់ ប្រជាពលរដ្ឋទូទាំងប្រទេស នៅឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧នេះ។ នេះបើយោងតាមរបាយការណ៍របស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ នៅក្នុងពិធីបិទសន្និបាទក្រសួងអប់រំ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា «គិតមកដល់ខែមីនា ឆ្នាំ២០១៧នេះ សំណង់អគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតសរុបមានចំនួន ៤,១៤០ខ្នង ស្មើនឹង២៤១០៥បន្ទប់ ក្នុងនោះ វិទ្យាល័យ១,២១១ ស្នើនឹង៨,០៣១បន្ទប់ អនុវិទ្យាល័យចំនួន ៥០៨ខ្នង ស្មើនឹង២,៨៧៨បន្ទប់ និងបឋមសិក្សាចំនួន ២,៤០៦ខ្នង ស្មើនឹង១២,៩៩៥បន្ទប់ ដោយរួមបញ្ជូលអគារសិក្សាចំនួន៣,៦១២ខ្នង ទីចាត់ការ២៩០ខ្នង អគារស្នាក់នៅចំនួន៧៨ខ្នង អគារកាត់ដេរចំនួន១៣០ខ្នង សាលាមតេយ្យសិក្សាចំនួន៥ខ្នង និងសាលសហសិក្សាចំនួន១០ខ្នង»។
លោក ហង់ ជួនណារ៉ុន បានថ្លែងទៀតថា ក្នុងឱកាសសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តនានា ក្នុងឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧ សម្ដេចតេជោ បានផ្ដល់អគារសិក្សាថ្មីចំនួន ៣៦៨ខ្នង ស្មើនឹង៤,១៩៤បន្ទប់ ជួសជុលអគារសិក្សា២៧ខ្នង ស្មើនឹង១០១បន្ទប់ សាលប្រជុំ៣ខ្នង និងផ្ទះគ្រូ២ជាន់ ចំនួន៥៩ មាន៦២០បន្ទប់៕