(ភ្នំពេញ)៖ លោក យ៉ែម បុញ្ញឫទ្ធិ មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះថា គណបក្សសង្គ្រោះជាតិ បានដាក់លិខិតមួយទៅក្រសួងមហាផ្ទៃ នៅព្រឹកមិញនេះ ដើម្បីសុំជួបសម្តេចក្រឡាហោម ស ខេង ឬតំណាងក្រសួងមហាផ្ទៃ ដើម្បីពន្យល់អំពីការចោទប្រកាន់ថា សមាជរបស់គណបក្សសង្រ្គោះជាតិ ខុសច្បាប់។
លោក យ៉ែម បុញ្ញឫទ្ធ បានអះអាងថា ការកំណត់ពេលវេលាដើម្បីជួបជាមួយសម្តេច ស ខេង នោះគណបក្សប្រឆាំងនៅមិនទាន់ដឹងនៅឡើយទេ ដោយរង់ចាំចម្លើយពីក្រសួងមហាផ្ទៃជាមុនសិន។
ការដាក់លិខិតស្នើសុំជួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាពេលនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានផ្ញើលិខិតមួយ ទៅកាន់គណបក្សសង្រ្គោះជាតិ កាលពីម្សិលមិញ ដោយប្រាប់ទៅគណបក្សប្រឆាំងថា សមាជរបស់ខ្លួន កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ដើម្បីជ្រើសរើសប្រធាន និងអនុប្រធានគណបក្សថ្មីនោះ បានខុសនឹងច្បាប់លក្ខន្តិកៈ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏បានបង្គាប់ឱ្យគណបក្សប្រឆាំង ផ្លាស់ប្តូរសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ផងដែរ។
ចំពោះរឿងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីរង់ចាំមើលលទ្ធផលចុងក្រោយ នៃការសម្រេចរបស់ក្រសួងមហាផ្ទៃ ដោយសារតែខ្លួនបានសម្រេចទទួលស្គាល់បេក្ខជន របស់គណបក្សសង្រ្គោះជាតិ ដើម្បីឱ្យចូលរួមក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខែមិថុនា ខាងមុខនេះ។ នេះបើតាម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប៕