(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកស្តីទីអាជ្ញាធរជាតិអប្សរា បានទទួលជួបថ្នាក់ដឹកនាំ មជ្ឈមណ្ឌលអន្តរជាតិខាងបច្ចេកវិទ្យាអវកាស សម្រាប់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិក្រោមអាណាព្យាបាល នៃអង្គការយូណេស្កូ (HIST : International Center on Space Technologies for Natural and Cultural Heritage under the auspices of UNESCO) របស់ប្រទេសចិន ដឹកនាំដោយលោកសាស្រ្តាចារ្យ Guo Huadong ជាប្រធានប្រតិភូមជ្ឈមណ្ឌល HIST។
ក្នុងជំនួបពិភាក្សាទ្វេភាគីដែលរៀបចំឡើងនៅ ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ខាងមជ្ឈមណ្ឌល HIST បានរំលឹកពីការងារក្នុងកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរាក្នុងរយៈពេល ៣ឆ្នាំកន្លងមក ជាពិសេសទាក់ទង
នឹងការផ្តល់រូបភាពពីលើអាកាស ដែលអាចឲ្យយើងបានដឹងពីការងារគ្រប់គ្រងព្រៃឈើ ការប្រែប្រួលគម្របព្រៃឈើ ការតាំងទីរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរ និងនៅតំបន់ជុំវិញ ដែលទិន្នន័យនេះអាចឲ្យអាជ្ញាធរជាតិអប្សរា ដឹងពីព័ត៌មាននៃការប្រែប្រួលតាំងពីឆ្នាំ ១៩៨០ រហូតមកដល់ឆ្នាំ ២០១៤។
ចំណុចមួយទៀត ដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិនេះដែរ គឺការផ្តល់ទិន្នន័យទាក់ទងទៅនឹងទឹកក្រោមដី។ ការណ៍នេះ ធ្វើឲ្យយើងដឹងអំពីបម្រែបម្រួលទឹកក្រោមដី និងផលប៉ះពាល់ចំពោះលំនឹង ឫគ្រឹះប្រាសាទ។ ចំណុចចុងក្រោយ គឺការអភិវឌ្ឍធនធានមនុស្ស ចំណុចនេះគឺមានសារសំខាន់ណាស់ ដើម្បីជំរុញឲ្យមាននិរន្តរភាពលើការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរ ក៏ដូចជាជំរុញបន្ថែមឲ្យកាន់តែមានភាពជិតស្និទ្ធ ក្នុងកិច្ចសហប្រតិបត្តិរវាងភាគីទាំងពីរ។
ក្នុងជំហានទី២ ដែលស្ថិតអនុស្សរណយោគយល់បន្ទាប់ គឺការកំណត់ចំណុចអទិភាពនៃកិច្ចសហប្រតិបត្តិការបន្តទៀត ដែលចំណុចទាំងនោះចាំបាច់ត្រូវមានកិច្ចពិភាក្សាឲ្យបានហ្មត់ចត់។ មួយទៀត គឺខាងមជ្ឍមណ្ឌល HIST ស្នើឲ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងបង្កើតកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សនូវជំនាញប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅស្នាក់ការអាជ្ញាធរជាតិអប្សរា។
លោក ហង់ ពៅ បានថ្លែងបញ្ជាក់ឲ្យដឹងថា អាជ្ញាធរជាតិអប្សរាបានត្រៀមរួចរាល់ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់ទម្រង់។ លោកបន្ថែមថា ពាក់ព័ន្ធនឹងការចុះអនុស្សរណយោគយល់ និងការអភិវឌ្ឍធនធានមនុស្ស គឺជាចក្ខុវិស័យចំបងរបស់អាជ្ញាធរជាតិអប្សរានាពេលអនាគត។ ការអភិវឌ្ឍធនធានមនុស្ស បានផ្តល់ផលប្រយោជន៍ជាច្រើនដល់មន្រ្តី និងបុគ្គលិករបស់អាជា្ញធរជាតិអប្សរា៕