(ភ្នំពេញ)៖ ក្រុមហ៊ុនរថយន្ត Rolls-Royce ដែលជាក្រុមហ៊ុនផលិតផលប្រណីតឈានមុខគេរបស់ពិភពលោក នឹងនាំមកនូវភាពទំនើប និងទាន់សម័យ មកកាន់កម្មវិធីពិព័រណ៍រថយន្តអន្តរជាតិក្រុងបាងកក លើកទី៣៨ ដោយនឹងនាំម៉ូដែលរថយន្ត ដែលមានកម្លាំងខ្លាំងបំផុតរបស់ក្រុមហ៊ុន មកបង្ហាញជាលើកដំបូងក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយនោះគឺម៉ូដែល Wraith Black Badge ដែលមានកម្លាំង 624bhp, 870Nm ម៉ាស៊ីន V12 ទែរបូភ្លោះ ។
ក្នុងនាមជាម៉ាកយីហោរថយន្តប្រណីតបំផុត ដែលចូលរួមក្នុងកម្មវិធីពិព័រណ៍នេះ ក្រុមហ៊ុននឹងផ្ដល់ឱកាសឲ្យមានការសម្ភាសន៍ពីអ្នកសារព័ត៌មានជាមួយនឹងអ្នករចនាម៉ូតបែប Bespoke របស់រថយន្ត Rolls-Royce មកពីGoodwood ដែលលោកធ្លាប់រ៉ាប់រងលើការងាររចនាម៉ូតរថយន្តតួវែង Kochamongkol Ghost រួចមកហើយ។
Black Badge បង្ហាញពីរបៀបរបបនៃការរស់នៅមួយបែប ហើយជាទិដ្ឋភាពថ្មីនៃរថយន្ត Rolls-Royce ដែលទាក់ទាញចំពោះមនុស្សនានាដែលមានអត្តចរិតពិបាកនឹងយល់ និងរឹងរូស អ្នកដែលហ៊ានប្រថុយ និងអ្នកពូកែរំខានដែលចូលចិត្តបំពានលើវិន័យ ហើយចូលចិត្តសើចក្អាកក្អាយក្នុងពិធីជួបជុំ ។ បើនិយាយពីបច្ចេកទេស និងសោភ័ណភាព រថយន្តស៊េរី Black Badge គឺជាលក្ខណៈមួយបែបទៀតនៃរថយន្ត Rolls-Royce ដែលមានពណ៌ខ្មៅជាងមុន និងមានកម្លាំងខ្លាំងជាងមុន ហើយរថយន្ត Wraith Black Badge ដែលជាតឹកតាងមុតមាំបំផុតបង្ហាញឲ្យឃើញគំនិតថ្មី នឹងបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងកម្មវិធីពិព័រណ៌រថយន្តអន្តរជាតិក្រុងបាងកក២០១៧ លើកទី៣៨ ចាប់ពីថ្ងៃទី២៨មីនា ដល់ទី៩ មេសា២០១៧។
រថយន្ត Rolls-Royce ជារថយន្តបែប Bespoke ទិដ្ឋភាពនានានៃ Bespoke ដែលផ្ដល់ជូនឲ្យអតិថិជនគ្រប់រូបអាចកុម្ម៉ង់រថយន្ត Rolls-Royce ណាមួយ មានន័យថា អតិថិជនអាចយកចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីបង្កើតបានជារថយន្តដែលមានលក្ខណៈផ្ទាល់ខ្លួនពិតៗ និងស័ក្តិសមបំផុតសម្រាប់ពួកគេផ្ទាល់ ។ ដោយឈរលើការសន្យានេះ ដូច្នេះហើយ បានជាសឹងតែគ្រប់រថយន្ត Rolls-Royce ទាំងអស់ដែលចេញពីរោងចក្រនៅ Goodwood កាលពីឆ្នាំ២០១៦ គឺជារថយន្ត Bespoke ។
លោក Victor Braun ដែលជាបុគ្គលមានទេពកោសល្យខាង Bespoke មកពី Goodwood ទទួលរ៉ាប់រងលើការរចនារថយន្តមួយគ្រឿងៗសម្រាប់អតិថិជន ហើយលោកនឹងមានវត្តមាន នៅបញ្ជរពិព័រណ៌ ដើម្បីឆ្លើយសំណួរនានាស្តីពីរថយន្តបែប Bespoke ចាប់ពីថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០១៧។ លោកក៏នឹងបង្ហាញអំពីស្នាដៃពីអតីតកាល និងពេលបច្ចុប្បន្ន រាប់បញ្ចូលទាំងរថយន្តបែប Bespoke ដែលមានតែមួយគ្រឿងៗសម្រាប់ប្រទេសថៃនាពេលអនាគតដ៏ឆាប់នេះផងដែរ ៕