(ស្វាយរៀង)៖ មន្រ្តីកាំកុងត្រូលខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បានចុះអង្កេតទីផ្សារចំនួន៣៖ ផ្សារនៅមាត់ច្រកព្រំដែនបាវិត ផ្សារអន្តរជាតិបាវិត និងផ្សារតាពៅ ព្រមទាំងទីតាំងលក់ទំនិញមួយចំនួនផងដែរ ដែលនាំទំនិញពីប្រទេសវៀតណាម ដើម្បីស្វែងរកសារធាតុគីមី។

មន្រ្តីកាំកុងត្រូលខេត្តស្វាយរៀង បានឲ្យដឹងថា «ក្នុងនោះយើង បានធ្វើតេស្តបឋមលើផ្លែឈើមួយចំនួន ដែលនាំចូលពីប្រទេសវៀតណាម ដូចជា៖ ផ្លែទាប ចេក ទឹកដោះ ក្រូចឃ្វិច ស្រកានាគ ខ្នុរ ត្របែក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់មិនឲ្យប្រើប្រាស់លើម្ហូបអារហារ។ ជាលទ្ធផលបង្ហាញថា ពុំមានវត្តមានសារធាតុគីមីហាមឃាត់ មិនឲ្យប្រើប្រាស់លើម្ហូបអាហារត្រូវបានរកឃើញទេ។ ចំណែកគ្រឿងឧបភោគ បរិភោគដែលវេចខ្ចប់ស្រេច ក៏ពុំមានអ្វីខុសប្រក្រតីដែរតែក្រុមការងារក៏ បានពន្យល់ណែនាំគាត់អំពីការដាក់តាំងលក់ឲ្យ បានសមស្របទៅតាមលក្ខណ្ឌបច្ចេកទេស»

បើតាមមន្រ្តីកាំកុងត្រូល ជាមួយគ្នានេះយើងក៏បានចុះអង្កេតទីតាំងសិប្បកម្មផលិតសាច់ប៉ាតេក្នុងក្រុងបាវិត ដើម្បីរកសារធាតុគីមីហាមឃាត់ លទ្ធផល ក៏បានបង្ហាញថា ពុំមានវត្តមានសារធាតុគីមីត្រូវបានរកឃើញនោះដែរ។ បន្ថែមទៀតយើងក៏បានចុះអង្កេតលើទីតាំងលក់ស៊ុបចំនួន២ កន្លែងនៅក្បែរមាត់ច្រកទ្វារអន្តរជាតិបាវិត ដែលទទួលព័ត៌មានថា ទឹកស៊ុបក្នុងទីតាំងខាងលើ មានសភាពខុសប្រក្រតី និងមានក្លិនស្អុយ។ ក្រោយពីយើងបានសាកសួរ​ អ្នកលក់ស្តីពីដំណើរការផលិតទឹកស៊ុប រួមទាំងការពិនិត្យផ្ទាល់ យើងសង្កេតឃើញថា ពុំមានអ្វីខុសប្រក្រតីនោះទេ៕