(ភ្នំពេញ)៖ រហូតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលរាជធានីភ្នំពេញ មិនទាន់អាចស្វែងរកចាប់ខ្លួនជនទំនើង ដែលបើករថយន្តបញ្ច្រាសផ្លូវ ហើយថែមទាំងដេញវាយកញ្ចក់រថយន្ត ជនរងគ្រោះមួយគ្រួសារ កាលពីដើមខែមីនា ឆ្នាំ២០១៧កន្លងទៅ នៅឡើយទេ ពោលជននេះ នៅបន្តមានសេរីភាពដដែល។
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ម្ចាស់រថយន្តបង្កម៉ាក Ford ពណ៌ស ប្រភេទ Pick Up ពាក់ស្លាកលេខ ភ្នំពេញ2AN-3591 ផលិតឆ្នាំ២០១៧ លោកស្រី ជា ធារី បានចូលខ្លួនទៅសារភាព នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងសងសំណង ចំនួន១ម៉ឺនដុល្លារ ដល់ជនរងគ្រោះមួយគ្រួសារ ហើយលោកស្រីអះអាងថា អ្នកបង្កហេតុនោះជាអ្នកបើករថយន្តឲ្យខ្លួន។
យ៉ាងណាក៏ដោយ មន្រ្តីនគរបាលរាជធានីភ្នំពេញបានឆ្លើយថា រហូតមកដល់ពេលនេះកម្លាំងនគរបាល មិនទាន់ទទួលបានដីកាបញ្ជាឲ្យចាប់ខ្លួនជនសង្ស័យ ពីតុលាការនៅឡើយទេ។
នៅរសៀលថ្ងៃនេះ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News ថា «រហូតមកដល់នេះជនសង្ស័យ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ហើយយើងក៏មិនទាន់ទទួលបានដីកាចាប់ខ្លួនពីតុលាការនោះដែរ ដោយយើងកំពុងរង់ចាំដីកាពីតុលាការ»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជនទំនើងបើករថយន្តម៉ាក Ford ពណ៌ស ប្រភេទ Pick Up ពាក់ស្លាកលេខ ភ្នំពេញ2AN-3591 ផលិតឆ្នាំ២០១៧ បើកបញ្រ្ចាសផ្លូវ ហើយថែមទាំងដេញវាយបែកកញ្ចក់រថយន្តជនរងគ្រោះ១គ្រួសារ មានទាំងក្មេងតូចៗ ដែលធ្វើឲ្យកក្រើកពេញបណ្តាញសង្គម Facebook និងមានការរិះគន់ពីមហាជនផងនោះ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ រថយន្តបង្កត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាល ឃាត់បានហើយ។
ជុំវិញរឿងរ៉ាវខាងលើនេះនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានរៀបរាប់ប្រាប់អង្គភាព Fresh News យ៉ាងលម្អិតដូច្នេះថា៖
ក្រោយពីទទួលបាន ព័ត៌មានខាងលើនេះ លោកបានបញ្ជាឲ្យកម្លាំងនគរបាលខណ្ឌ៧មករា និងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចុះស៊ើបអង្កេតភ្លាមៗ ដើម្បីស្វែងរកចាប់ខ្លួនជនបង្ក និងផ្តល់យុត្តិធម៌ពិតប្រាកដជូនជនរងគ្រោះ។ ដំណាក់កាលដំបូង នគរបាលខណ្ឌ៧មករា បានស្នើសុំទៅមន្ទីរសាធារណការ ដើម្បីសុំអាសយដ្ឋាន ម្ចាស់រថយន្តបង្ក។
ក្រោយពីស្នើសុំ ខាងមន្ទីរសាធារណការបានបង្ហាញថា ម្ចាស់រថយន្ត ឈ្មោះ ជា ធារី ភេទស្រី សញ្ជាតិខ្មែរ មានទីលំនៅ ផ្ទះលេខ៤៨ ផ្លូវលេខ២៨៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ក្រោយពីដឹងអាសយដ្ឋាន ម្ចាស់កម្មសិទ្ធិរថយន្តបង្កនេះហើយ កម្លាំងនគរបាលបានចុះទៅសួរនាំ ប៉ុន្តែពេលទោដល់ទីនោះ ម្ចាស់ផ្ទះ ដែលជាម្ចាស់រថយន្តនោះ បានដូរអាសយដ្ឋាន ពោលបានលក់ផ្ទះចេញតាំងពីឆ្នាំ២០០៨មកម្ល៉េះ ដោយទៅរស់នៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវវិញ។
បន្ទាប់មកកម្លាំងនគរបាល បានទៅសួរនាំបន្តទៀត នៅសង្កាត់ទួលសង្កែ ក៏បានជួបម្ចាស់រថយន្ត ឈ្មោះ ជា ធារី ដែលគាត់ជាមេគ្រួសារ និងមានកូននៅក្នុងបន្ទុក (លេងលះប្តី)។ ពេលដែលជួបគាត់នោះ ដំបូងឡើយស្រ្តីរូបនេះ ហាក់មិនចង់ចូលរួមសហការជាមួយសមត្ថកិច្ចនោះឡើយ ដោយសារតែគាត់យល់ថា គាត់គ្មានកំហុស ប៉ុន្តែពេលដឹងរឿងរ៉ាវខាងលើនេះ ក៏ព្រមសហការ និងផ្តល់ចម្លើយការពិតជូនសមត្ថកិច្ច មានវិធានការតាមផ្លូវច្បាប់។
អ្នកស្រី ជា ធារី បានប្រាប់សមត្ថកិច្ចថា អ្នកដែលបើករថយន្ត ទៅបង្កហេតុខាងលើនេះ គឺជាអ្នកបើករថយន្តឲ្យអ្នកស្រី ដែលថ្ងៃកើតហេតុនោះ ពេលជូនអ្នកស្រីមកដល់ផ្ទះ ដូចសព្វមួយដង គឺឲ្យអ្នកបើករថយន្តរូបនេះ យករថយន្តទៅដាក់ក្នុងដីឡូតិ៍របស់ខ្លួន តែផ្ទុយទៅវិញបែររូបគេ បើកទៅបង្កហេតុយ៉ាងដូច្នេះ។ ក្រោយពីដឹងពីសកម្មភាព ធ្វើខុសច្បាប់បែបនេះ អ្នកស្រី ជា ធារី បានយល់ព្រមចេញថ្លៃខូចខាតចំនួន១ម៉ឺនដុល្លារ ទៅឲ្យជនរងគ្រោះ ឈ្មោះ អោម សិលា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ជាម្ចាស់រថយន្ត ឡុសស៊ីស Rh-400 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AP-7576 ប្រមាណ១ម៉ឺនដុល្លារ។
ជាមួយគ្នានេះ បើទោះបីភាគីជនរងគ្រោះ បានយល់ព្រមដកពាក្យបណ្តឹង ពីអធិការនគរបាលខណ្ឌ៧មករាក៏ដោយនោះ ប៉ុន្តែម្ចាស់រថយន្តអ្នកស្រី ជា ធារី បានស្នើសុំឲ្យសមត្ថកិច្ច នគរបាលតាមចាប់ខ្លួនជនបង្ក ដែលជាអ្នកបើករថយន្តឲ្យគាត់ព្រមទាំងចូលរួមសហការ ផ្តល់ចម្លើយគ្រប់ពេលវេលា និងយល់ព្រមរក្សាទុក រថយន្តនេះនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្នុងដំណាក់កាលស្រាវជ្រាវ។
យោងតាមរបាយការណ៍របស់មត្ថកិច្ច អ្នកបើក និងជាជនបង្កឈ្មោះ សូ នីកា ដែលនៅពេលនេះមិនអាចទាក់ទងបាន និងលាក់ខ្លួននៅទីណានោះទេ ហើយបានមកធ្វើជាអ្នកបើករថយន្តឲ្យអ្នកស្រី ជា ធារី ប្រហែលជា៥ ទៅ៦ខែមកហើយ។
សូមបញ្ជាក់ថា ករណីបើករថយន្តបញ្រ្ចាសផ្លួវ ហើយដេញវាយបែកកញ្ចក់ រថយន្តជនរងគ្រោះថែមទៀតនោះ បានកើតឡើងនៅវេលាម៉ោងជាង១០យប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី មុខមន្ទីរពេទ្យកុមារជាតិ រហូតមកដល់បន្ទាយយោធាដេអិន ក្រសួងការពារជាតិ សង្កាត់មិត្តភាព ខណ្ឌ៧មករា៕