(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ បានចេញប្រកាសស្ដីពី កាតព្វកិច្ចប្រើប្រាស់ និងបិទផ្សាយបញ្ជីរាយនាមសេវាកម្មទេសចរណ៍ ដល់ប្រតិបត្តិករទេសចរណ៍ និងប្រកាសរួមស្ដីពី ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះអ្នកប្រព្រឹត្តល្មើសនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពី ទេសចរណ៍ ដើម្បីចាត់វិធានការ ទប់ស្កាត់ការឡើងថ្លៃហួសហេតុ អំឡុងពេលមានពិធីបុណ្យនានា។

យោងតាមប្រកាសស្ដីពី កាតព្វកិច្ចបង្កើត ប្រើប្រាស់ និងបិទផ្សាយបញ្ជីរាយនាមសេវាកម្មទេសចរណ៍ បានចែងថា  «គ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវរៀបចំឲ្យមានបញ្ជីរាយនាមសេវាកម្មទេសចរណ៍ផ្ទាល់ សម្រាប់អាជីវកម្មរបស់ខ្លួន និងត្រូវដាក់ឲ្យប្រើប្រាស់ ឬតាំងបង្ហាញ និងត្រូវមានបញ្ជាក់តម្លៃឲ្យបានជាក់លាក់»

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ប្រតិបត្តិករទេសចរណ៍ ដែលមិនអនុវត្តន៍តាមកាតព្វកិច្ច ដូចមានចែងក្នុងប្រកាសនេះ នឹងត្រូវទទួលពិន័យអន្តរការណ៍ ដែលកំណត់ក្នុងប្រកាសរួម រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងទេសចរណ៍ ចែងថា «ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះអ្នកប្រព្រឹត្តល្មើសច្បាប់ និងលិខិតបទដ្ឋានគត្តិយុត្តស្ដីពី ទេសចរណ៍» ស្របតាមមាត្រា ៤៨ និងមាត្រា ៦៦ នៃច្បាប់ស្ដីពីទេសចរណ៍៕