(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងប្រតិកម្មចំពោះអ្នករិះគន់ និងចោទប្រកាន់ថា ក្រសួងការពារជាតិ បានចំណាយថវិកាលើសលប់ និងមិនត្រឹមត្រូវទៅតាមផែនការកំណត់។ លោកឧបនាយករដ្ឋមន្រ្តីថា ថវិកា ដែលចំណាយ សម្រាប់ក្រសួងការពារជាតិ គឺត្រូវបានគិតគូរយ៉ាងច្បាស់លាស់ និងមិនមានភាពខ្ជះខ្ជាយនោះឡើយ។
ឆ្លើយតបការរិះគន់រឿងចាយវាយថវិកានេះ ក្នុងពិធីប្រគល់ និងទទួលសម្ភារៈយោធា របស់កូរ៉េខាងត្បូង នៅវិទ្យាស្ថានបច្ចេកទេស យោធាតេជោ ហ៊ុន សែន ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បញ្ជាក់ថា ក្រសួងការពារជាតិ បានកំណត់ និងផ្តោតជាសំខាន់ការចំណាយទៅលើកិច្ចការសង្គមជាសំខាន់ៗ និយាយឲ្យចំគឺចំណាយ លើការបើកប្រាក់បៀវត្សរ៍ជូនកងទ័ពឲ្យមានភាពប្រសើរឡើង ជាងមុនតាមរយៈការផ្តល់ប្រាក់ប្រៀវត្សរ៍ឲ្យកាន់តែកើនឡើងស្របតាម គោលការណ៍របស់រាជរដ្ឋាភិបាល មិនមែនតែកងទ័ពទេ គឺជាទូទៅ រហូតដល់ឆ្នាំ២០១៨ មិនឲ្យទាបជាង ១លានរៀលនោះទេ។
លោករដ្ឋមន្រ្តី ទៀវ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នករិះគន់ ពីការចំណាយរបស់ក្រសួងការពារជាតិ គឺជាការយល់ឃើញខុសស្រ ឡះ និងមិនត្រឹមត្រូវ ពីព្រោះថា កន្លងមកក្រសួងកាពារជាតិ គឺបានចំណាយតិចបំផុត ក្រៅតែពីការដោះស្រាយកិច្ចការសង្គមតែ ប៉ុណ្ណោះទេ គឺចំណាយដូចគេ ដូចឯង ចំណាយលើការបើកប្រាក់ បៀវត្សរ៍មន្រ្តីរាជការ គឺវាអស់ហើយ»។
ឧបនាយករដ្ឋមន្រ្តី ទៀវ បាញ់ បានបន្តថា «អ្នកដែលរិះគន់នេះ បានតែថាទេ ពេលខ្លះ មិនបានដឹងពីការលំបាក របស់បងប្អូនកងទ័ព យ៉ាងណា? ការផ្តល់ និងការជួយនេះ គឺជាឱកាសល្អមួយ ចឹងបានខ្ញុំចេះតែអរគុណ ដូចជាប្រទេសកូរ៉េ បានជួយកម្ពុជាដូចជាជួយរំលែក ការលំបាកមួយ ហើយយើងក៏គ្មានថវិកាណាទៅទិញ និងបង្កើនសម្ភារៈ បំពាក់ដល់ អង្គភាពនោះទេ អត់មានលុយទេ លុយនឹងបើក តែប្រាក់ខែ អស់បាត់ហើយ គ្មានលុយឯណោះទៅចំណាយខ្ជះខ្ជាយលើសលប់ដូចការចោទប្រកាន់នោះទេ»។
យោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ បានឲ្យដឹងថា ថវិកាដែលចំណាយសម្រាប់ក្រសួងការពារជាតិនៅ ឆ្នាំ២០១៧នេះ មានចំនួនសរុបជិត ២លានលានរៀល លើថវិកាជាតិចំណាយសរុបជាង ៥ពាន់លានដុល្លារអាមេរិក៕