(ភ្នំពេញ)៖ លោក​ អេង​ ខេង ដែល​ទទួល​បាន​ការ​​​ឧបត្ថម្ភ២៥,០០០​ដុល្លារ​ ពី​​ក្រុមហ៊ុន ​ខ្មែរ​ ប៊ែវើរីជីស​ លីមីតធីត​ ​ទៅ​​វះ​កាត់​ជំងឺ​មហារីក​មាត់ដ៏​ធ្ងន់ធ្ងរ​​​​​ នៅ​​ប្រទេស​អូស្រ្តាលី​​ តាម​រយៈសមាគមន៍​​ចក្ខុ​កម្ពុជា​​​អន្តរជាតិ បាន​​វិល​ត្រឡប់​មក​ដល់​​មាតុភូមិ​កម្ពុជា​​វិញ​ហើយ នៅ​​ល្ងាច​ថ្ងៃ​ទី​២២​ ខែ​មីនា ឆ្នាំ​២០១៧​ ក្រោម​ការ​អបអរ​សាទរ​​​ពី​បង​ប្អូន ញាតិ​ជិត​​ខាង​ និងក្រុមហ៊ុន​​ឧបត្ថម្ភ​។

អ្នក​ស្រី​ អ៊ុក ប៊ុនថា​ ដែល​ជា​ប្អូន​ថ្លៃ​ និង​បាន​​​អញ្ជើញ​ទៅ​ទទួល​​លោក អេង​ ខេង​​ ដល់​ព្រលាន​យន្តហោះ​ រៀប​រាប់​ថា​ «ពេល​ខ្ញុំ​ឃើញ​គាត់ដំបូង​ ខ្ញុំ​រំភើប​ចិត្ត​មែន​ទែន។ គាត់​មាន​មុខ​មាត់​ស្អាត​បាត​​​ ហើយ​លើ​ផ្ទៃ​មុខ​របស់​គាត់​ បង្ហាញ​តែ​ក្ដី​រីក​រាយ​ ដែល​យើង​កម្រ​ឃើញ​ណាស់​​ពី​​មុន​​មក​។ ​ពេល​មក​ដល់​ផ្ទះ ​នៅ​កំពង់​ចាម​ព្រឹក​មិញ អ្នក​ភូមិ​ជា​ច្រើន​បាន​មក​អបអរ​​គាត់​ដល់​​ផ្ទះ។ ការ​វះ​គាត់​បាន​ផ្លាស់​ប្ដូរ​ជីវិត​គាត់ ដែល​ធ្លាប់​តែ​គេ​ខ្លាច​ ធ្លាប់​គេ​រើសអើង ​ក្លាយ​ជា​មនុស្ស​អាច​ចូលរួម​ក្នុង​សង្គម​បាន​ ដូច​មនុស្ស​ទូទៅ​ដែរ»។

លោក​​វេជ្ជបណ្ឌិត​ ង៉ូវ ស្រ៊ុន​ ស្ថាបនិក​សមាគមន៍​​ចក្ខុ​កម្ពុជា​​​​អន្តរជាតិ ឲ្យ​ដឹង​​​​ថា​ «ជំងឺ​មហារីក​មាន​ច្រើ​ន​ប្រភេទ។ ករណី​ជំងឺ​មហារីក​របស់​លោក​ អេង​ ខេង​ នឹង​មិន​​បន្ត​​​​កើត​ជា​ថ្មីទៀត​​ឡើយ បន្ទាប់​ពី​ការ​​វះ​កាត់​នេះ​​​ ប្រសិន​​បើ​គាត់​​ទទួល​ទាន​ថ្នាំ​តាម​វេជ្ជបញ្ជា​ និង​របប​អាហាររូបត្ថម្ភ​ ដែល​យើង​ផ្ដល់​​ឲ្យ»។

​នាយក​​ផ្នែក​ទំនាក់​ទំនង​ នៃ​ក្រុមហ៊ុន​​ ខ្មែរ​ បែវើរីជីស​ លីមីតធីត​​ បណ្ឌិត​ អ៊ឹម​ សុធារិទ្ធ​ ថ្លែង​ថា ក្រុមហ៊ុន​ ខ្មែរ​បែវើរីជីស​ លីមីតធីត​ ពិត​​ជា​​មាន​​មោទនភាព​​​ ដែល​បាន​ចូលរួម​ផ្លាស់​ប្ដូរ​ជីវិត​របស់​លោក​ អេង​ ខេង។

លោកបន្ថែម​ថា​ «ការ​ឧបត្ថម្ភ​លោក​ អេង​ ខេង ​ទៅ​វះកាត់ជំងឺ​មហារីក​ ​​នៅប្រទេស​អូស្រ្តាលី​នេះ​ ​ គឺ​ជា​សកម្មភាព​សប្បុរស​​​មួយ​ទៀត​ ដែល​ក្រុមហ៊ុន​ចង់​ចូលរួម​​ ជួយ​ប្រជាពលរដ្ឋ​​ដែល​គ្មាន​លទ្ធភាព​ ឲ្យ​​​ទទួល​បាន​ឱកាស​ដូច​គេ​ដូច​ឯង​ដែរ។ ក្រុមហ៊ុន​សប្បាយ​ចិត្ត​ និង​អបអរ​សាទរ​​ដល់​​​លោក​ អេង​ ខេង​ ដែល​ទទួល​បាន​ការ​វះកាត់​​ជា​សះ​ស្បើយ​ និង​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ​ ដោយ​សុវត្ថិភាព»៕