(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធក្នុងករណីឆក់ទូរស័ព្ទដៃប្រជាពលរដ្ឋ នៅចំណុចមុខសណ្ឋាគារ «រីឡេក» ផ្ទះលេខ៨១ ផ្លូវលេខ៣២០ កែងផ្លូវលេខ១០៥ ក្រុម៣២ ភូមិ៦ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក ប៊ុន សត្យា នាយការិយាល័យបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ឈ្មោះ ឌុល សុខាផាឌុន អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ២៣៧ ផ្លូវលំ ភូមិមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈភីធីធី ផ្លូវលេខ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដកហូតសម្ភារៈបានរួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកស៊ុយ ហ្សុយគីនិច ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1FQ-4553 ជារបស់ជនសង្ស័យ ជនរងគ្រោះ ឈ្មោះ រ៉េត ស៊ីម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះលេខ៨១ ផ្លូវលេខ៣២០ ក្រុម២៣ ភូមិ៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមដំណើររឿងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១០៖០០នាទី ជនរងគ្រោះកំពុងអង្គុយចុចទូរស័ព្ទលេង នៅលើរឺម៉កកង់បី ដែលចតនៅមុខសណ្ឋាគារ «រីឡេក» ផ្ទះលេខ៨១ ផ្លូវលេខ៣២០ កែងផ្លូវលេខ១០៥ ក្រុម៣២ ភូមិ៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ស្រាប់តែពេលនោះ មានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូចំនួន០២គ្រឿងមួយគ្រឿង ម៉ាកស៊ុយហ្សុយគីនិច ពណ៌ស មិនចាំស្លាកលេខ និងមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ កាំបន្ទះ មិនចាំស្លាកលេខ ពេលនោះជនសង្ស័យពីរនាក់ ដែលជិះម៉ូតូ ម៉ាកស៊ុយហ្សុយគីនិច បានជិះម៉ូតូមកអែប ជិតជនរងគ្រោះ ភ្លាមនោះជនសង្ស័យដែលអង្គុយ ខាងក្រោយបានលូកដៃ ឆក់យកទូរសព្ទ័របស់ជនរងគ្រោះ រួចជិះម៉ូតូគេចខ្លួនតាមផ្លូវលេខ១០៥ បត់ឡើងទៅផ្លូវលេខ៣១០គេចខ្លួនបាត់តែម្តង។
បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវ តាមចាប់បានតែម្តង៕