(កំពង់ស្ពឺ)៖ រដ្ឋាភិបាលកូរ៉េខាងត្បូងតាមរយៈក្រសួងការពារប្រទេសរបស់ខ្លួន បានសម្រេចប្រគល់សម្ភារៈយោធាជារថយន្ត និងគ្រឿងចក្រវិស្វកម្មសរុប ២២២គ្រឿង ព្រមទាំងបរិក្ខាយោធាមួយចំនួនទៀត ដល់យោធាកម្ពុជា ដើម្បីពង្រឹងសមត្ថភាពយោធាឲ្យកាន់តែខ្លាំង ក្លាក្នុងការការពារសណ្តាប់ធ្នាប់ និងសុខសន្តិភាពរបស់ប្រទេស។
ពិធីប្រគល់ និងទទួលសម្ភារៈយោធារបស់កូរ៉េខាងត្បូងនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ នៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបភាពឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក លោក Kang Byung Joo អនុរដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េ។
នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ បានថ្លែងឲ្យដឹងថា ជំនួយសម្ភារៈយោ ធាដែលកូរ៉េផ្តល់ជូននាព្រឹកមិញនេះ រួមមានរថយន្តគ្រប់ប្រភេទ ២០៨គ្រឿង គ្រឿងចក្រវិស្វកម្មគ្រប់ប្រភេទ ១៤គ្រឿង និងគ្រឿងបន្លាស់សម្ភារៈភ្ជាប់តាមមួយចំនួនទៀត។
នាយឧត្តមសេនីយ៍ ចៅ ភិរុណ បានហៅអំណោយយោធា ដែលក្រសួងការពារជាតិកម្ពុជាទទួលបាននៅថ្ងៃនេះ គឺជាការចែករំលែកមួយរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង សំដៅជួយលើកកម្ពស់សមត្ថភាពកងយោធពលខេមរភូមិន្ទឲ្យកាន់តែប្រសើរឡើងថែមទៀតស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗ និង សេចក្តីត្រូវការជាក់ស្តែង ព្រមទាំងបានបង្ហាញពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តប្រកបដោយមោទនភាព សម្រាប់កងយោធពលខេមរភូមិន្ទ និង បានបញ្ជាក់ពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព សាមគ្គីភាពកាន់តែប្រសើរឡើងថែមទៀត។
ដោយឡែកលោក Kang Byung Joo ក៏បានរំពឹងដែរថា ជំនួយសម្ភារៈយោធារបស់ខ្លួននេះ នឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងមិត្តភាពប្រទេសទាំងពីរ និងពង្រឹងសន្តិសុខរបស់យោធាកម្ពុជា និងកែលំអរបរិក្ខាយោធាកម្ពុជាឲ្យកាន់តែល្អប្រសើរ។ ជាពិសេសជួយឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងកូរ៉េខាងត្បូង កាន់តែជិតស្និទ្ធ ហើយកិច្ចសហប្រតិបត្តិការគ្រប់វិស័យរួមទាំងកិច្ចសហប្រតិបត្តិការយោធា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។ល។ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។
ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានមើលឃើញពីសារៈសំខាន់យ៉ាងខ្លាំងនូវជំនួយសម្ភារៈយោធារបស់កូរ៉េខាងត្បូងនេះ ក្នុងការអភិវឌ្ឍវិស័យយោធានៅកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាព។
«ការប្រគល់សម្ភារៈយោធានាពេលនេះ គឺបង្ហាញពីការអនុវត្តន៍នូវការយោគយល់គ្នាស្តីពីកិច្ចសហការភស្តុភាទ្វេភាគី ដែលភាគីទាំងពីរបានឯកភាពចែករំលែកបរិក្ខាយោធាសំដៅជួយគាំទ្រដល់ប្រតិបត្តិការរក្សាសន្តិភាព និងជំនួយមនុស្សធម៌ ព្រមទាំងកិច្ចព្រឹងប្រែងជួយសង្រ្គោះជនរងគ្រោះដោយគ្រោះមហន្តរាយ ដើម្បីរួមចំណែកកសាងសន្តិភាពសាកលលោក និងជំនួយមនុស្សធម៌»។ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បញ្ជាក់បន្ថែម។
នាយឧត្តមសេនីយ៍ ចៅ ភិរុណ បានគូសបញ្ជាក់ថា ជំនួយសម្ភារៈយោធា ដែលកូរ៉េផ្តល់ជូននាព្រឹកមិញនេះ គឺជាការផ្តល់ជូនលើកទី៣ ហើយ ក្នុងនោះលើកទី១ ផ្តល់ជូននៅឆ្នាំ២០១០ លើកទី២ នៅឆ្នាំ២០១២។ ជំនួយទាំង៣លើកនេះ កូរ៉េខាងត្បូងបានផ្តល់សម្ភារៈយោធារថយន្តយោធាគ្រប់ប្រភេទ និងគ្រឿងចក្រវិស្វកម្មសរុប ៧១៧គ្រឿង ព្រមទាំងគ្រឿងបន្លាស់ភ្ជាប់មកជាមួយមួយចំនួនទៀត។
បើតាមនាយឧត្តមសេនីយ៍ ចៅ ភិរុណ នៅអំឡុងខែកក្កដា ឆ្នាំ២០១៧នេះ កូរ៉េខាងត្បូងនឹងមានការផ្តល់ជូននូវសម្ភារៈយោធាសរុប ១៤៥គ្រឿងបន្ថែមទៀត រួមមាន៖ រថយន្តគ្រប់ប្រភេទ ១៣៥គ្រឿង គ្រឿងចក្រវិស្វកម្មគ្រប់ប្រភេទ ០៨គ្រឿង នាវាល្បាតទន្លេ ០២គ្រឿង ហើយអាចបន្ថែមរថយន្តដឹកជញ្ជូន GMC ចាប់ពី ៣០ទៅដល់ ៥០គ្រឿង៕