(ហាណូយ)៖ ក្នុងដំណើរទស្សនកិច្ចនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះអនុស្សរណៈជាមួយរដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung ក្នុងគោលបំណងរួមគ្នាទប់ស្កាត់ មិនឲ្យមានការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការមួយចំនួនទៀត។
MoU ខាងលើត្រូវបានធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧។ វាមានភាពប្រទាក់ក្រឡាគ្នាទៅនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសក្បែរខាងគ្នានេះ ដែលជាវិស័យចម្បង ក្នុងការគាំទ្រដល់វិស័យពាណិជ្ជកម្ម និងវិនិយោគ ក្នុងនោះរួមមាន៖
១. ការផ្លាស់ប្ដូរព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។
២. ផ្លាស់ប្តូរប្រព័ន្ធកម្មវិធីសិក្សាជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សា និងព័ត៌មានពាក់ព័ន្ធនានា រួមទាំងការសិក្សាប្រៀបធៀប លើវិស័យការងារ មុខរបរ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជា ការចរចាជាសមូហភាព ការដាក់ឱ្យអនុវត្ត និងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្តិសុខសង្គម ការគាំពារពលកម្ម សេរីភាពខាងសមាគម សុខភាព និងសុវត្ថិភាពការងារ ការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្ដូរព័ត៌មាន ទៅលើការពង្រឹងផលិតភាពការងារ។
៣. លើកទឹកចិត្តដល់ការផ្លាស់ប្តូរទស្សនកិច្ច រវាងមន្រ្តីទទួលបន្ទុក និងមន្រ្តីជំនាញ។
៤. គ្រប់គ្រងទេសន្តរប្រវេសន៍ការងារ រវាងប្រទេសទាំងពីរ
៥. ផ្តោតលើផ្នែកផ្សេងៗទៀត នៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរ បានព្រមព្រៀងគ្នាលើវិស័យការងារ។
ភាគីទាំងពីរបានព្រមព្រៀងគ្នាថា នឹងសហការគ្នាឲ្យបានជិតស្និទ្ធ ក្នុងការអភិវឌ្ឍមុខជំនាញ ចំណេះដឹង និងការចែករំលែកបច្ចេកទេស ដើម្បីបង្កើនសមត្ថភាពជំនាញហត្ថពលកម្ម និងពង្រឹងផលិតភាពការងារ ហើយក៏បានឯកភាពសហប្រតិបត្តិការគ្នា លើការគ្រប់គ្រងពលករទេសន្តរប្រវេសន៍ ដែលបានធ្វើចំណាកស្រុកទៅវិញទៅមក រវាងប្រទេសទាំងពីរផងដែរ។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទាំងប៉ុន្មានខាងលើ នឹងអនុវត្តតាមរយៈការផ្លាស់ប្តូរព័ត៌មានជាប្រចាំ សី្តពីស្ថានភាពវិស័យការងារនៃប្រទេសទាំងពីរ ដែលកំពុងបម្រើការងារ លើទឹកដីនៃប្រទេសមួយទៀត។
ម្យ៉ាងទៀត ភាគីទាំងពីរក៏ឯកភាពគ្នាថា នឹងសម្រួលដល់ពលករតាមព្រំដែន ក្នុងការដាក់ពាក្យស្នើសុំឯកសារធ្វើការស្របច្បាប់ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនានា ព្រមទាំងបង្កនូវលក្ខខណ្ឌងាយស្រួលដល់ពលករ ដែលទទួលបានឯកសារធ្វើការស្របច្បាប់ ដើម្បីអាចបន្តការស្នាក់នៅ និងធ្វើការស្របច្បាប់៕