(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ បងប្អូនប្រជាពលរដ្ឋទាំង១៤គ្រួសារ បាននាំគ្នាទៅឈរកាន់បដាស្រែកទាមទារ «ឲ្យអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ជួយបើកផ្លូវលេខ១៩៦៦ឡើងវិញ» បន្ទាប់ពីមានបុគ្គលទៅសង់ផ្ទះ និងរបងបិតជិតឈឹងតែម្តង ដែលផ្លូវមួយនេះមាននៅក្នុងគម្រោងប្លង់ LMAP។
កំណាត់ផ្លូវដែលមានគេរំលោភទាំងស្រុងខាងលើនេះ ស្ថិតនៅនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលសាលារាជធានីភ្នំពេញ គ្រោងបើកការដ្ឋានសាងសង់ នៅមុនចូលឆ្នាំខ្មែរប្រពៃណីជាតិ ប៉ុន្តែតើឲ្យបើកការដ្ឋានទៅម្តេចកើត? បើផ្លូវត្រូវគេរំលោភទាំងស្រុង គ្មានផ្លូវចេញចូលយ៉ាងដូច្នេះនោះ។
យោងតាមបដាដែលក្រុមប្រជាពលរដ្ឋ ទាមទារនោះរួមមាន៖ «សូមលោកអភិបាលក្រុងជួយបើកផ្លូវលេខ១៩៦៦ ឲ្យបានឆាប់ផង, សូមតវ៉ាចំពោះបុគ្គលរំលោភបិតផ្លូវសាធារណៈ, សូមឯកឧត្តមអភិបាលមេត្តាជួយដោះស្រាយ តាមសំណូមពររបស់យើងខ្ញុំផង, សហគមន៍ចង់បានផ្លូវតាមការកំណត់របស់ប្រព័ន្ធ LMAP, យើងខ្ញុំសូមតវ៉ាបុគ្គល ដែលរំលោភច្បាប់រុះរើរបងចេញពីផ្លូវសាធារណៈ និងមានផ្លូវមានការអភិវឌ្ឍន៍ភូមិឃុំបាន ជាដើម»។ ប្រជាពលរដ្ឋបាននិយាយថា បុគ្គលដែលបានរំលោភយកកំណាត់ផ្លូវមួយនេះមានឈ្មោះ សុខ គង់ ដែលអាជ្ញាធរតាំងពីមូលដ្ឋាន រហូតដល់រាជធានីបានដោះស្រាយច្រើនលើកច្រើនសារដែរ តែមិនទាន់ទទួលបានលទ្ធផល។
តាមការលើកឡើងរបស់អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង កំណាត់ផ្លូវនេះ នឹងត្រូវបើកការដ្ឋានសាងសង់ឲ្យបានមុនបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែនៅពេលនេះទំនងមិនអាចនោះទេ ដោយសារតែមានបុគ្គលឈ្មោះ សុខ គង់ បានសង់រំលោភបាត់ទៅហើយ។
ចំពោះករណីនេះ ទាំងអាជ្ញាធរមូលដ្ឋាន អាជ្ញាធរខណ្ឌសែនសុខ បានចូលរួមដោះស្រាយជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលនោះទេ បើទោះបីផ្លូវមួយនេះស្ថិតនៅក្នុងគម្រោងប្លង់ LMAP ដែលបានអនុម័តរួចហើយតាំងពីឆ្នាំ២០០៦មកម្ល៉េះ។
នៅក្នុងកិច្ចប្រជុំដោះស្រាយផលប៉ះពាល់នៃការបើកផ្លូវលេខ១៩៦៦ ចន្លោះពីផ្លូវលេខ១០០៣ រហូតដល់ផ្លូវលេខ១០០៧ហ្សិត ក្នុងសង្កាត់ភ្នំពេញថ្មី កាលពីអំឡូងខែធ្នូ ឆ្នាំ២០១៦ លោក ឃួង ស្រេង ដែលជាប្រធានអង្គប្រជុំ បានបញ្ជាក់ដោយសរុបដូចខាងក្រោម៖
ទី១៖ ចំពោះផ្លូវលេខ១៩៦៦ ទៅសង្កាត់ភ្នំពេញថ្មីនេះ គឺបន្តស្ថាបនាឲ្យបាន៣០ម៉ែត្រ ទោះបីត្រូវកាត់ដីលោក សុខ គង់ ដែលដីនោះបានសាងសង់ផ្ទះ និងរបងលើដីស្ថិតនៅក្នុងគម្រោងប្លង់ LMAP ដែលបានអនុម័តរួចហើយតាំងពីឆ្នាំ២០០៦។ មិនអាចទទួលយកបានការសុំផ្តល់ដីទំហំ១៥ម៉ែត្រ ឬ២០ម៉ែត្រ ដោយរក្សាទុកដីនៅសល់ និងសុំធ្វើប័ណ្ណសម្គាល់សិទ្ធិរបស់លោក សុខ គង់ នោះទេ។ សាលារាជធានីភ្នំពេញ មានកាតព្វកិច្ចធ្វើផ្លូវនេះ ដើម្បីបម្រើប្រជាពលរដ្ឋ និងប្រយោជន៍សាធារណៈ។
ទី២៖ ទទួលយកការតវ៉ា និងទទួលពិនិត្យឯកសារពាក់ព័ន្ធ នៃការកាន់កាប់ និងប្រើប្រាស់ដីក៏ដូចជា៖ ឯកសារផ្ទេរសិទ្ធិលក់ដីរបស់លោក សុខ គង់ ដើម្បីពិចារណាអំពីកិច្ចសន្យាធ្វើឡើងដែលមាន «ខ» ចែងថា នឹងប្រគល់ដីជូនរដ្ឋសម្រាប់ធ្វើផ្លូវដែលលោក សុខ គង់ អាចប្រព្រឹត្តល្មើសក្បត់ទំនុកចិត្ត នៃកិច្ចសន្យាប្រសិនបើគាត់នៅតែតាមទាមទារ ចង់រក្សាទុកដីនោះ ដែលបានលក់ដីឲ្យគេរួចមកកាន់កាប់ដីផ្លូវវិញ។ អាជ្ញាធរមានករណីកិច្ចត្រូវការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់ប្រជាពលរដ្ឋ។
ទី៣៖ ប្រគល់ជូនសាលាខណ្ឌសែនសុខ បន្តស្រាវជ្រាវឯកសារគតិយុត្តពាក់ព័ន្ធ និងរាយការណ៍ជូនសាលារាជធានីភ្នំពេញឡើងវិញ ដើម្បីពិនិត្យ និងធ្វើការដោះស្រាយម្តងទៀតពេលឆាប់ៗខាងមុខនេះ៕