(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញនូវសេចក្តីប្រកាសព័ត៌មានថ្មី មួយទៀត តាមរយៈ Facebook Page របស់ខ្លួនដោយស្នើដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ សូមមេត្តាធ្វើការងាររួមគ្នា ដើម្បីកាត់បន្ថយនិងលុបបំបាត់ការ ប្រើប្រាស់ថ្នាំកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល ដែលជាប្រភេទគីមីសកម្មសម្រាប់កម្ចាត់ជម្ងឺផ្សិត ពិសេសជម្ងឺប្លាស់លើដំណាំស្រូវ និងលើដំណាំដទៃទៀត ហើយត្រូវបានសហភាពអឺរ៉ុបបានដាក់មកនៅត្រឹម ០.០១មីលីក្រាមដែលស្ទើរតែគ្មានសោះក្នុងអង្ករ ខណៈការកម្រិតពីមុនគឺ១មីលីក្រាមក្នុងមួយគីឡូក្រាម។
អ្នកពាក់ព័ន្ធជាពិសេសអ្នកនាំចេញអង្ករបានបង្ហាញពីកង្វល់ចំពោះការកម្រិតថ្មីនេះ។
តំណាងប្រធានសហព័ន្ធស្រូវអង្ករ លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានសម្របសម្រួលកិច្ចពិភាក្សាពិគ្រោះ យោបល់នោះ បានលើកឡើងថា ឆ្លងកាត់ការជជែក និង ផ្តល់មតិយោបល់ល្អ របស់ក្រុមហ៊ុននាំចេញ សហព័ន្ធស្រូវអង្ករកម្ពុជានឹង ធ្វើសំណើរទៅស្ថាប័នពាក់ព័ន្ធដើម្បីត្រៀមវិធានការជួយផ្សព្វផ្សាយពីផលប៉ះពាល់នានាដែលកើតចេញពី TRICYCLAZOLE។
លោក នង វាសនា បានលើកឡើងថា ចំណុចដែលសហព័ន្ធគ្រោងស្នើទៅកាន់ក្រសួងនិងស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធ សម្រាប់ទប់ស្កាត់ការប្រើប្រាស់សារធាតុនេះ រួមមាន៖
១៖ សូមស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ចាត់វិធានការជាបន្ទាន់និងម៉ឹងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការនាំចូល ផលិតផលថ្មីៗដែល មានសារធាតុផ្សំខាងលើ។
២៖ សូមស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បញ្ឈប់រាល់ការលក់ចែកចាយ ផលិតផលខាងលើនេះទៅកាន់កសិករដើម្បី ជៀសវាង ការប្រើប្រាស់ក្នុងដំណាំកសិកម្មជាពិសេសស្រូវ ក្នុងរដូវបង្កបង្កើនផលខាងមុខនេះ។
៣៖ សូមស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយផ្សព្វផ្សាយដល់ប្រជាកសិករ និង សមាគមកសិកម្មទាំងអស់ជៀសវាងប្រើប្រាស់ជីកសិកម្មនិង ថ្នាំគីមីកសិកម្មសកម្ម លើដំណាំស្រូវដែលមានធាតុTRICYCLAZOLE ហើយជ្រើសរើសនូវផលិតផលជំនួស ដែលគ្មានសារធាតុ ហាមឃាត់។
៤៖ ស្នើសុំក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ និងអាជ្ញាធរមានសមត្ថកិច្ច ពិនិត្យលើសារធាតុហាមឃាត់និងផលិតផល ដែលមានការសង្ស័យ ដោយជៀសវាងក្នុងការបន្លំម៉ាកសញ្ញា ហើយ សារធាតុហាមឃាត់នៅតែប្រើប្រាស់។
សូមជម្រាបថា សហភាពអឺរ៉ុបនឹងបញ្ឈប់រាល់ការនាំចូលអង្ករដែលមានកាកសំណល់ ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ដែលមានកម្រិតលើស ០.០១មីលីក្រាម (ដែលពីមុនកម្រិតមិនលើស១មីលីក្រាមក្នុង១គីឡូក្រាម) ចាប់ពីដើមខែកក្កដាឆ្នាំ២០១៧។ កាកសំណល់ថ្នាំកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ជាថ្នាំមានប្រសិទ្ធភាពបំផុតក្នុងការ សម្លាប់ជម្ងឺប្លាស់ (Blast) ក្នុងដំណាំស្រូវ ហើយ ក៏ជាថ្នាំដែលមានតម្លៃទាបសម្រាប់ការប្រើប្រាស់ដែរ៕