(បាត់ដំបង)៖ ទំនប់ពហុបំណង ឬដែលអ្នកបាត់ដំបងនិយមហៅតាមឈ្មោះទីតាំងថា ទំនប់សេកសក ដែលក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រុមហុ៑ន Guangdong Foreign Construction Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិន កំពុងសាងសង់សម្រេចបានប្រមាណ៩៩ភាគរយហើយនោះ បាននិងកំពុងបង្អួតសម្រស់របស់ខ្លួន រង់ចាំភ្ញៀវទេសចរ ជិតឆ្ងាយ ទៅកំសាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។
គួររំលឹកជូនថា ទំនប់ពហុបំណងបាត់ដំបង មានទីតាំងសំណង់មេស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ គឺជាការលើកទំនប់តភ្ជាប់ពីភ្នំមួយទៅភ្នំមួយ (ភ្នំជីប៉ាង ទៅភ្នំកូប) ដើម្បីបង្កើតជាអាងទឹក ដែលមានសមត្ថភាពស្តុកទឹកបាន ចំនួន២៨៦លានម៉ែត្រគូប។
ទឹកដែលប្រមូលស្តុកទុកនេះ នឹងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្តចែកចាយតាមប្រឡាយមេ ប្រឡាយរងទៅស្រោចស្រព លើផ្ទៃដីស្រូវវស្សា ចំនួន៤៧.០០០ ហិកតា និងស្រូវប្រាំងចំនួន ១២.០០០ ហិកតា នៅក្នុងស្រុករតនមណ្ឌល បាណន់ សង្កែ និងស្រុកមោងឫស្សី។
ក្រៅពីការស្រោចស្រព ទំនប់នេះនេះ ក៏អាចទាញយកថាមពលវារីអគ្គិសនី ចំនួន ១៣,១០ មេហ្គាវ៉ាត់ ព្រមទាំងកាត់បន្ថយ ទឹកជំនន់ និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ ដល់ក្រុងបាត់ដំបង ផងដែរ។
ចង់ដឹងថា ទំនប់សេកសក មានសម្រស់ស្រស់ស្អាតបែបណា សូមទស្សនាវីដេអូទាំងអស់គ្នា: