(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ សៀ ទីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការសំណេះសំណាលត្រួតពិនិត្យ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ១០២នាក់ ដែលបានចូលរួមក្នុងកម្មវិធីសម្រកទម្ងន់ សម្រកក្បាលពោះ និងបច្ចេកទេសថែទាំកាយសម្បទា របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញរយៈពេល០៦ខែកន្លងមកនេះ។
ជាលទ្ធផលក្នុងចំណោម នាយទាហាន នាយទាហានរងទាំង១០២នាក់ អង្គភាពពិនិត្យឃើញ អ្នកដែលសម្រកទម្ងន់ បានជោគជ័យចំនួន៨៧នាក់ អ្នកនៅទម្ងន់ដដែលចំនួន០៧នាក់ និង អ្នកឡើងទម្ងន់ថែមចំនួន០៨នាក់។ ទន្ទឹមគ្នានោះ លោកវរសេនីយ៍ទោ សៀ ទីន បានធ្វើការប្រគល់រង្វាន់ជូនដល់អ្នកដែលស្រកទម្ងន់បានច្រើនជាងគេចំនួន៣នាក់គឺ
១៖ វរសេនីយ៍ត្រី ឆុន សុភ័ក្ក ស្រកបាន១៥ គ.ក ទទួលបានរង្វាន់លើកទឹកចិត្ត ៥០ម៉ឺនរៀល
២៖ ព្រិន្ទបាលឯក តុប ស៊ីថា ស្រកបាន ១៤ គ.ក ទទួលបានរង្វាន់លើកទឹកចិត្ត ៣០ ម៉ឺនរៀល
៣៖ នាយចំណង់ យួន ហ៊ុន ស្រកបាន ១៣ គ.ក ទទួលបានរង្វាន់លើកទឹកចិត្ត ២០ ម៉ឺនរៀល
រីឯអ្នកនៅទម្ងន់ដដែលចំនួន០៧នាក់ និង អ្នកឡើងទម្ងន់ថែមចំនួន០៨នាក់ ត្រូវបានអង្គភាព តម្រូវឲ្យធ្វើការហ្វឹកហ្វាត់ដោយផ្ទាល់នៅទីបញ្ជាការ រយៈពេល១សប្តាហ៍ ហើយបន្ទាប់មកនឹងឲ្យត្រឡប់ ទៅហាត់ខ្លួនឯងរៀងៗខ្លួនរយៈពេល០៦ខែ បើនៅតែមិនស្រកទេនឹងត្រូវហៅមកហាត់ នៅទីបញ្ជាការ ម្តងទៀត រហូតទាល់តែស្រកបានជោគជ័យ ក្នុងកម្រិតទម្ងន់សមាមាត្រនិងកម្ពស់ ទើបអនុញ្ញាតឲ្យត្រឡប់ទៅអង្គភាពដើមវិញ។
ទាក់ទងនឹងការបង្កើតឲ្យមានកម្មវិធី សម្រកទម្ងន់ សម្រកក្បាលពោះ និងបច្ចេកទេសថែទាំកាយសម្បទា ដល់កម្លាំងអាវុធហត្ថរាជធានី ភ្នំពេញរយៈកាលកន្លងមកនេះ លោកវរសេនីយ៍ទោ សៀ ទីន បានលើកឡើងថា ការលើសទម្ងន់អាចនាំមកនូវផលវិបាកជាច្រើនដូចជា បណ្តាលឲ្យ មានជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម ជម្ងឺបេះដូង ជម្ងឺសន្លាក់ ជម្ងឺផ្លូវដង្ហើម និង មហារីក ដែលនាំឱ្យប៉ះពាល់ដល់ផ្លូវកាយ ផ្លូវចិត្ត ការងារ ការរកចំណូល និងកត្តាផ្សេងៗទៀត ដូច្នេះវាជារឿង ចាំបាច់ដែលយើងម្នាក់ៗត្រូវតែយកចិត្តទុកដាក់អនុវត្តវា ដើម្បីពង្រឹងកាយសម្បទាផង និងកាត់បន្ថយ ភាពក្រីក្រ ដែលបណ្ដាលមកពីការចំណាយថវិកា និងពេលវេលាច្រើនក្នុងការមើលជម្ងឺផង៕