(ភ្នំពេញ)៖ បន្ទាប់ពីរបទចម្រៀងចំនួនមួយបទ ដែលជាការបកស្រាយ ដោយតារាចម្រៀងពីរដួងផ្សេងគ្នា គឺកញ្ញា សុខ ពិសី និងកញ្ញា លី អ៊ីវ៉ាធីណា មានចំណងជើងថា «ក្រមុំខ្ញុំអ្នកណាសង» ចេញបុកគ្នារួចមក ត្រូវបានគេពិនិត្យឃើញថា ទោះបីបទនេះ មានអត្ថន័យតែមួយ ទំនុកច្រៀងតែមួយ ប៉ុន្តែការច្រៀងរបស់តារាចម្រៀងសំនៀងស្រទន់ កញ្ញា សុខ ពិសី មានការគាំទ្រខ្លាំងជាង សំនៀងរបស់កញ្ញា លី អ៊ីវ៉ាធីណា ខណៈដែលបទរបស់ សុខ ពិសី ទើបតែចេញ MV ក្ដៅៗមុននេះ។
តារាចម្រៀងស្រីពីរដួង កំពុងមានប្រជាប្រិយភាពត្រដមត្រសងគ្នា កញ្ញា សុខ ពិសី និងកញ្ញា លី អ៊ីវ៉ាធីណា ដែលមហាជនធ្លាប់ដឹងថា ពួកគេជាអតីតគូសត្រូវនឹងគ្នា ធ្លាប់មានឈ្លោះបាញ់បោះ ពាក្យសម្ដីស្ទើរក្លាយជាសង្គ្រាម ព្រោះអ្នកទាំងពីមិនមានអ្នកណា ចុះចាញ់អ្នកណាឡើយ។ ប៉ុន្តែកាលពីសប្ដាហ៍មុន អ្នកទាំងពីរបានចេញបទចម្រៀងបុកគ្នា គឺ «បទក្រមុំខ្ញុំអ្នកណាសង» ធ្វើឲ្យមហាជន ធ្វើការថ្លឹងថ្លែងទៅលើសំឡេង របស់ពួកគេទាំងពីរថា តើនរណាបកស្រាយពីរោះជាង?
បទចម្រៀង «បទក្រមុំខ្ញុំអ្នកណាសង» ជាសំនៀងដើមរបស់ លោកស្រី សុង សេងហ៊ន ហើយត្រូវបានច្រៀងឡើងវិញ ជាច្រើនលើកច្រើនសារ រួចមកហើយ ប៉ុន្តែលើកនេះ ហាក់ពិសេសជាងរាល់ដង ព្រោះតារាចម្រៀងស្រីល្បីពីរដួង ច្រៀងប៉ះគ្នាក្នុងបទតែមួយ ហើយជាតារាដែលមិនចុះសម្រុងគ្នា ទៀតផង ពិតជាមានការចាប់អារម្មណ៍មែន។
ថ្វីដ្បិតតែកញ្ញា លី អ៊ីវ៉ាធីណា បកស្រាយបទចម្រៀងទំរង់បែបចិន បានល្អជាងតារាចម្រៀង សុខ ពិសី ពិតមែន ប៉ុន្តែលើកនេះ នាងមិនអាចប្រៀបនឹង សុខ ពិសី បានឡើយ ព្រោះ សុខ ពិសី ល្បីខ្លាំងជាង លី អ៊ីវ៉ាធីណា ក្នុងបទចម្រៀងមួយនេះ។ កត្តាជាច្រើនដែលជំរុញឲ្យ សុខ ពិសី អាចវ៉ាដាច់លើបទ លី អ៊ីវ៉ាធីណា ក្នុងនោះរួមមាន សាច់ភ្លេងកន្ត្រាក់អារម្មណ៍, សំឡេងច្រៀងដ៏ស្រទន់ និងការសម្ដែងដ៏ក្រម៉ិចក្រមើម ល្អឥតខ្ចោះរបស់ សុខ ពិសី គឺធ្វើឲ្យនាងឈ្នះដាច់ លី អ៊ីវ៉ាធីណា។
អ្នកមីង មុំ ដែលជាជាងកាត់ដេរសម្លៀកបំពាក់ នៅហាងមួយ បាននិយាយថា គាត់ចូលចិត្តបទចម្រៀងរបស់ សុខ ពិសី ព្រោះមើលទៅទាក់ទាញ និងពីរោះរងំខ្លាំងជាង ពីមុនមក គាត់មិនដែលមើលបទចម្រៀង សុខ ពិសី ទេ តែឃើញលើកនេះ នាងធ្វើបានល្អ និងគួរឲ្យស្រឡាញ់មែនទែន។
ជោគជ័យរបស់ សុខ ពិសី លើកនេះ ធ្វើឲ្យ លី អ៊ីវ៉ាធីណា ហាក់អន់ចង់មិនតិចទេ ព្រោះនាងហាក់មានអំនួត លើសមត្ថភាពខ្លួនឯងពេក ទោះបីនាងត្រូវបានគេចាត់ទុកថា ជាតារាចម្រៀង យិនស៊ិន (យូរឆ្នាំ) ទៅហើយក្ដី ខណៈដែលតារាចម្រៀងជំនាន់នាង គេឡើងជាកំពូលតារាចម្រៀងអស់ទៅហើយ៕