(ភ្នំពេញ)៖ តាមការគ្រោងទុក្ខ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៃសំណុំរឿង លោក «ជួប សម្លាប់» ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។ ការប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញ បានបើកសវនាការ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ ជាមួយនឹងការបង្ហាញវិដេអូមួយ ស្តីអំពីឃាតកម្មនេះ។
នៅក្នុងសវនាការជាបន្តបន្ទាប់កន្លងទៅនោះ លោក «ជួប សម្លាប់» បានសារភាពថា ខ្លួនជាអ្នកបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ដោយសារខឹងលោក កែម ឡី ជំពាក់ប្រាក់មិនសង ហើយអះអាងថា គ្មានអ្នកនៅពីក្រោយខ្នងនៃឃាតកម្មនេះនោះទេ។
សូមបញ្ជាក់ថា បុរសម្នាក់ ដែលមានរហ័សនាមថា «ជួប សម្លាប់» អាយុ៣៨ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំងស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ក្រោយការចាប់ខ្លួននេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ «ជួប សម្លាប់» ចំនួន២ករណី ក្នុងនោះរួមមានបទឃាតកម្មគិតទុកជាមុន និង បទកាន់កាប់អាវុធគ្មានការអនុញ្ញាត៕