(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការឲ្យ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ ឲ្យបានតាមច្បាប់ ថវិកាដែលបានកំណត់ ដោយឆ្នាំ២០១៧នេះ ធ្វើយ៉ាងណាប្រមូលចំណូលពន្ធឲ្យបាន ក្នុងរង្វង់១,៧១៥លានដុល្លារ ហើយនៅឆ្នាំ២០១៨ មានផែនការប្រមូលចំណូលពន្ធឲ្យបាន ពី១,៩០០លានដុល្លារទៅ២,០០០លានដុល្លារ។
បើតាមលោក គង់ វិបុល ចំណូលពន្ធរបស់កម្ពុជា រយៈពេល៥ឆ្នាំចុងក្រោយនេះ បានកើនឡើងជាបន្តបន្ទាប់ ក្នុងអត្រាជាមធ្យម ២០% ក្នុង១ឆ្នាំ ជាក់ស្តែងនៅឆ្នាំ២០១២ ចំណូលពន្ធមានត្រឹមតែ៧០០លានដុល្លារតែប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១៧នេះ គឺត្រូវប្រមូលឲ្យបាន ១៧០០លានដុល្លារ ដែលបានកើនឡើង១ពាន់លានដុល្លារ។
ការថ្លែងបញ្ជាក់យ៉ាងដូច្នេះ របស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាដ៏ធំប្រចាំឆ្នាំ ស្តីពីបច្ចុប្បន្នភាព នៃការកែទម្រង់ប្រព័ន្ធពន្ធដារកម្ពុជា និងកាតព្វកិច្ចសារពើពន្ធនានា ពិសេសពន្ធលើប្រាក់ចំណូល ដែលមានការចូលរួម ពីលោកឧកញ៉ា លោក លោកស្រី តំណាង សមាគម ពាណិជ្ជករនានា និងតំណាងសហគ្រាស អ្នកជាប់ពន្ធធំសរុបចំនួនជាង ១០០០ សហគ្រាស នៅឯសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។
លោក គង់ វិបុល បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបថា នៅឆ្នាំ២០១៧នេះ គឺថវិកា (ប្រមូលចំណូលពន្ធ) ត្រូវឡើងពីឆ្នាំ២០១៦ ចំនួន២០% ដែលក្នុងរង្វង់១,៧១៥លានដុល្លារ បើប្រៀបធៀបពីឆ្នាំ២០១២ យើងបានតែ ៧០០លានដុល្លារ អីចឹងក្នុងរយៈពេល៤-៥ឆ្នាំចុងក្រោយនេះ គឺ កើនឡើងក្នុងរង្វង់២០% បើគិតទៅពី៧០០លានដុល្លារ មក១,៧០០លានដុល្លារ វាកើនឡើងជាង១ពាន់លាន។ ....ដើម្បីរកបាន១,៧០០លានដុល្លារ ហើយក្នុងឆ្នាំ២០១៨ ខាងមុខនេះ យើងបានប្រជុំជាម៉ាក្រូរួមថា ពន្ធដារត្រូវរកចំណូលឲ្យ បានក្នុងរង្វង់១,៩០០លានដុល្លារ ទៅ២,០០០លានដុល្លារ សហរដ្ឋអាមេរិក ដូច្នេះបានជាមានថ្ងៃនេះ គឺពន្យល់បងប្អូនទាំងអស់គ្នាថា យើងបានចំណូលពីណាមក តើយើងធ្វើអ្វីខ្លះ ដើម្បីបានចំណូលឲ្យគ្រប់?»។
លោកអគ្គនាយកបានបញ្ជាក់ទៀតថា គោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ រួចហើយ គឺគ្មានឡើយការដំឡើងពន្ធ និងបង្កើតពន្ធថ្មី ហើយមានតែលើកទឹកចិត្តផ្នែកពន្ធ លើវិស័យ មួយចំនួនថែមទៀត។ ដូច្នេះដើម្បីសម្រេចនូវការប្រមូលពន្ធ ដើម្បីជាទុន របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យនោះ ពន្ធដារត្រូវធ្វើការកែទម្រង់ ដោយត្រូវប្រមូលពន្ធ ឲ្យអស់លទ្ធភាព ដើម្បីសម្រេចតាមគោលការណ៍ របស់រាជរដ្ឋាភិបាល។
លោក គង់ វិបុល បានបញ្ជាក់បន្ថែមថា «នៅថ្ងៃនេះ យើងរួមគ្នាពង្រឹងវប្បធម៌បង់ពន្ធ និងការធ្វើបញ្ជីស្នាមឲ្យបានត្រឹមត្រូវ ដូច្នេះហើយ បានជាថ្មីៗនេះ យើងបានចេញសេចក្តីជូនដំណឹង ពីការលើកលែងទោសទណ្ឌពិន័យ បើសិនជាសហគ្រាស យល់ឃើញថា ការដែល ប្រកាសបង់ពន្ធលើប្រាក់ចំណេញកន្លងទៅ មានភាពមិនច្បាស់លាស់ ឬមិនបានគ្រប់ ប្រសិនជាមន្ត្រីពន្ធដារ រកឃើញច្បាប់បាននិយាយថា របបស្វ័យប្រកាសត្រូវតែប្រកាសពន្ធ ឲ្យបានត្រឹមត្រូវ បើមិនត្រឹមត្រូវទេ នៅពេលធ្វើសវនកម្មរកឃើញនឹងមានទោសទណ្ឌពិន័យ»។
នៅក្នុងសិក្ខាសាលាដែលមាន ទៅដោយលោក-លោកស្រីជាឧកញ៉ា និងប្រធានក្រុមហ៊ុនជាង១០០០នាក់ចូលរួមនេះ លោក គង់ វិបុល បានអំពាវនាវឲ្យក្រុមហ៊ុនទាំងអស់ ប្រកាសបង់ពន្ធឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជា។ ជាមួយគ្នានេះអគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រគល់វិញ្ញាបនបត្រ អនុឡោមភាពសារពើពន្ធ ជូនក្រុមហ៊ុនចំនួន៣១ ដែលបានធ្វើបញ្ជីស្នាមល្អ ត្រឹមត្រូវផងដែរ៕