(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ បានបន្តយុទ្ធនាការ ចុះត្រួតពិនិត្យការស្នាក់ និងធ្វើការរបស់ជនជាតិបរទេស នៅហាងលក់កាហ្វេឈ្មោះ ម៊ី ហឿង ស្ថិតនៅផ្លូវលេខ១០៣ កែងផ្លូវ៤៧៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជាលទ្ធផល លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា នៅពេលចុះត្រួតពិនិត្យនោះ ជនជាតិវៀតណាមចំនួន៧នាក់ មានស្រីម្នាក់ត្រូវបានឃាត់ខ្លួនដោយសារគ្មានឯកសារត្រឹមត្រូវ។ លោកបានបញ្ជាក់ថា «ពួកគេបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ»។
ដោយឡែកនៅរសៀលថ្ងៃដដែលនេះ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ក៏បានឃាត់ជនជាតិវៀតណាមចំនួន៤នាក់ មានស្រី៣នាក់ ពីបទស្នាក់នៅ គ្មានឯកសារ លិខិតឆ្លងដែន ដោយមករកស៊ីលក់កាហ្វេនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕