(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ គ្រូបង្រៀន អំពីផលប្រយោជន៍ជាច្រើនដែលពួកគាត់នឹងទទួលបាន ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ។
ផលប្រយោជន៍ដែលប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ គ្រូបង្រៀន ដែលនឹងទទួលបានរួមមានទី១៖ ការបញ្ជុះអត្រាការប្រាក់ សម្រាប់ប្រាក់កម្ចី ដែលសម្តេចតេជោ អះអាងថា ពីចំនួនលើសពី២៥% ក្នុង១ឆ្នាំ មកនូវត្រឹម១៨%ក្នុង១ឆ្នាំ។ ទី២៖ ការបញ្ជុះតម្លៃអគ្គិសនី។ ទី៣៖ ការបញ្ជុះតម្លៃទឹក និងទី៤៖ ការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស ជិត១ពាន់នាក់នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា «នៅតែប៉ុន្មានថ្ងៃទៀតទេ ចូលដល់ថ្ងៃ១ ខែមេសាហើយ។ ថ្ងៃ១ ខែមេសា គឺមានសារៈសំខាន់ច្រើនណាស់ ថ្ងៃ១ ខែមេសា នៃការបញ្ចុះអត្រាការប្រាក់ នៃមីក្រូហិរញ្ញវត្ថុ ដែលសព្វថ្ងៃកំពុងតែអនុវត្តន៍លើស ពី២៥%មកនូវ១៨% ជាំការសម្រួលឲ្យប្រជាពលរដ្ឋ ដែលខ្វះខាតទុន។ ធនាគារជាតិនិងខិតខំធ្វើលើកិច្ចការងារនេះ ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប៉ុន្តែមានគណបក្សនយោបាយមួយ អំពាវនាវឲ្យឡើងដល់២២%វិញ ប៉ុន្តែអ្នកដែលកេងចំណេញ ម្នាក់ទៀតថា គេធ្វើតាំងពីរឆ្នាំមុន ឱព្រះអើយព្រះអើយមកពីដើមពោធិ៍ណាទៅដើមពោធិ៍នឹងវិញចុះ»។
សម្តេចតេជោបញ្ជាក់ទៀតថា «ថ្ងៃ១ ខែមេសា ខាងមុខនេះ តម្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់ ក្រោម៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ ដែលបច្ចុប្បន្នថ្លៃ១គីឡូវ៉ាត់ម៉ោង ថ្លៃពី៧០០រៀលទៅ៨០០រៀល នឹងត្រូវធ្លាក់មកនូវត្រឹម៦១០រៀល សម្រាប់អ្នកដែលតជាមួយបណ្តាញជាតិ។ ឯអ្នកដែលប្រើក្រោម១០គីឡូវ៉ាត់ម៉ោង និងធ្លាក់មកនូវ៤៨០រៀល។ សម្រាប់អ្នកដែលប្រើប្រាស់ លើស៥០គីឡូវ៉ាត់ម៉ោង ដែលតជាមួយបណ្តាញជាតិ ដែលមុននេះថ្លៃ១ពាន់រៀល ឬ៩០០រៀល នឹងចុះមកនូវ៧៧០រៀល។ អ្នកដែលមិនជាប់នឹងបណ្តាញជាតិ ក៏ត្រូវចុះមកនូវ៧៩០រៀល ខុសគ្នា២០រៀល ឯសម្រាប់អ្នកប្រើក្រោម៥០គីឡូវ៉ាត់និង១០គីឡូវ៉ាត់ គឺតម្លៃដូចគ្នា។ ចំពោះបណ្តាញឯកជន ដែលដាក់នៅតំបន់ឆ្ងាយៗ ដែលមិនភ្ជាប់បណ្តាញជាតិរដ្ឋបាលក្រោមជាតិ ក៏ដូចជាផ្នែកអគ្គិសនី បន្តការចរចាឲ្យអគ្គិសនីចុះថ្លៃ»។
ដោយឡែកសម្រាប់តម្លៃទឹកវិញ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលដែលតម្លៃអគ្គិសនីចុះថ្លៃ តម្លៃទឹកក៏ត្រូវរត់រកការចុះថ្លៃដែរ ដោយក្រសួងឧស្សាហ៍កម្មនិងសិប្បកម្មត្រូវធ្វើការជាមួយក្រុមហ៊ុន ផលិតទឹកស្អាត ដើម្បីរកវិធីឲ្យចុះថ្លៃតាមតម្លៃភ្លើងផងដែរ តិចឬច្រើនត្រូវតែឲ្យបានចុះ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ទន្ទឹមនិងអត្រាការប្រាក់ចុះ តម្លៃអគ្គិសនីធ្លាក់ចុះ ប្រាក់ខែគឺឡើង ដូច្នេះនេះគឺជាសភាពមួយ ដែលយើងទទួលផលទាំងអស់គ្នា ហើយរីករាយទាំងអស់គ្នា សម្រាប់ការចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ប្រកាប់ខែគ្រូបង្រៀន មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំងអស់នៅត្រូវបើកនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ។
នៅមេសា ឆ្នាំ២០១៧ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទទួលបានប្រាក់បៀវត្សអប្បបរមា (ទាបបំផុត) ចំនួន៖
១៖ មន្ដ្រីរាជការស៊ីវិល វិស័យរដ្ឋបាល ការទូត បច្ចេកទេស ៨៥៣,៥០០រៀល។
២៖ មន្ដ្រីរាជការក្នុងវិស័យអប់រំ ៩៥៣,៥០០ រៀល។
៣៖ មន្ដ្រីរាជការក្នុងវិស័យសុខាភិបាល ៩៥៣,៥០០រៀល។
៤៖ នគរបាលជាតិ ៩៣៧,៧៣០រៀល។
៥៖ យោធិន ៨៨០,៧៣០រៀល។
៦៖ ចៅក្រម និងព្រះរាជអាជ្ញា ៣,០០០,០០០រៀល។
៧៖ ក្រុមប្រឹក្សារាជធានី ខេត្ត ៩៧០,០០០រៀល។
៨៖ ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ៧៥០,០០០រៀល។
៩៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ៥៧០,០០០រៀល។
១០៖ ប្រធានភូមិ ២២៥,០០០ រៀល។
១១៖ អនុប្រធានភូមិ ១៨០,០០០រៀល។
១២៖ សមាជិកភូមិ ១៦០,០០០រៀល៕