(ព្រះសីហនុ)៖ ផលិតផលខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់ជាង៣០០គីឡូក្រាម ដែលដាក់លក់នៅលើទីផ្សារ ត្រូវបានមន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ រួមនិងមន្ត្រីស្ថាប័នពាក់ព័ន្ធ ដកហូតនាមូលដ្ឋានស្រុកកំពង់សីលា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ខណៈពេលដែលមន្ត្រីជំនាញកាំកុងត្រូល ខេត្តព្រះសីហនុ សហការជាមួយ និងមន្ត្រីស្ថាប័នពាក់ព័ន្ធចុះទៅ ផ្សព្វផ្សាយអប់រំពីគុណភាពចំណីរអាហារ ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន កំពង់សីលា ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤។
លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងថា ដោយបានការអនុញ្ញាតពីលោក ម៉ាង ស៊ីណេត ប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ លោកបានដឹកនាំមន្ត្រីចុះពិនិត្យម្ហូបអាហារ នំចំណីរ ជារៀងរាល់សប្តាហ៍ នៅមូលដ្ឋាន ខេត្តព្រះសីហនុ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏នៅមានការលួចដាក់លក់ផលិតផលហាមឃាត់ ឬខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ជាដើម។
ជាក់ស្តែងនៅថ្ងៃនេះ សមត្ថកិច្ចបានធ្វើការដកហូតទំនិញចំរុះចំនួន៣៤៥.៦៨គីឡូក្រាម រួមមាន៖ ទឹកក្រូចចំរុះ ៣១៥ដប ស្មើនិង ២៥៧គីឡូក្រាម នំចំរុះ ៧១គីឡូក្រាម ចាហួយដូង ១៦គីឡូក្រាម និងប៊ើកំប៉ុង ១.៦៨គីឡូក្រាម ពីផ្ទះអ្នកលក់ក្នុងផ្សារស្រុកកំពង់សីលាដើម្បីយកទៅដុតកំទេចចោលផងដែរ ។
ពេលដែលធ្វើការអប់រំ និងបង្រៀនសិស្សានុសិស្សជាង១០០០នាក់ ពីការត្រួតពិនិត្យគុណភាពចំណីរអាហារនៅ សាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន កំពង់សីលា លោក ជា ប៉ិច ក៏បានសំនូមពរដល់លោកគ្រូ អ្នកគ្រូ បន្តជួយណែនាំជា ប្រចាំដល់សិស្សានុសិស្សរបស់ខ្លួន ពីការត្រួតពិនិត្យមើលកាលបរិច្ឆេទប្រើប្រាស់ ការវេចខ្ចប់ ផ្លាកសញ្ញា ទីតាំងផលិតច្បាស់លាស់ និងលិខិតអនុញ្ញាតពីក្រសួងជំនាញជាដើម ត្បិតអីឈ្មួញខិលខូចនៅតែឆ្លៀតឱកាស លួចលក់ផលិតផលខូចគុណភាពរបស់ខ្លួននៅលើទីផ្សារ បើទោះបីជាសមត្ថកិច្ចជំនាញខិតខំធ្វើការត្រួតពិនិត្យ និងធ្វើការដកហូតក៏ដោយ៕