(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរទាំង អស់ឲ្យចូលរួមបរិច្ចាគឈាម ដើម្បីទុកសង្រ្គោះជីវិតរបស់ប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់ផ្សេងៗ។
ការថ្លែងអំពាវនាវរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ក្នុងពេលអញ្ជើញដឹក នាំមន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូន ១០៦នាក់ ចូលរួមបរិច្ចាគឈាមក្នុងកម្មវិធីផ្តល់ឈាម របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅទីស្តីការក្រសួង។
លោកទេសរដ្ឋមន្រ្តី បានថ្លែងថា «ការផ្តល់ឈាម គឺជាជាកាយវិការប្រកបដោយមនុស្សធម៌ ដ៏មានតម្លៃបំផុត ដែលប្រជាពលរដ្ឋគ្រប់រូបគួរចូលរួមទាំងអស់»។
លោកវេជ្ជបណ្ឌិត ហុក គីមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម(NBTC) បានថ្លែងអំណរគុណ និង ការកោតសរសើរចំពោះមន្ត្រីរាជការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានបរិច្ចាគឈាម និងថវិកាមួយចំនួនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម៕