(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ បានតាមបង្ក្រាបមេចោរប្លន់ កាច់កម៉ូតូ និងគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ព្រមទាំងបក្ខពួកសរុប២នាក់។
អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានប្រាប់ភ្នាក់ងារ Fresh News ថា «នៅវេលាម៉ោងថ្ងៃត្រង់នេះ កម្លាំងជំនាញ និងប៉ុស្ដិ៍រដ្ឋបាលក្រាំងធ្នង់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យមុខសញ្ញាសកម្ម លួចកាច់ក និងកាន់កាប់អាវុធខុសច្បាប់ចំនួន០២នាក់ នៅចំណុចបណ្តោយ២០១១ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ»។
បើតាមលោកអធិការ បន្ទាប់ពីចាប់ខ្លួនកម្លាំងនគរបាលរបស់លោក បានដកហូតម៉ូតូ១គ្រឿង ដែកកាច់ក០១ និងអាវុធខ្លី១ដើម ម៉ាកកា៥៩ មាន៧គ្រាប់ និងបង់មួយ។ សម្រាប់ជនសង្ស័យទាំង២នាក់ ស្ថិតក្រោមការសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តទៀត៕