(ភ្នំពេញ)៖ សណ្ឋាគារផ្កាយប្រាំលំដាប់អន្តរជាតិហាយ៉ាត់ រីជិនស៊ី ភ្នំពេញ(Hyatt Regency Phnom Penh) ដែលវិនិយោគ ដោយក្រុមហ៊ុនរ៉ូយ៉ាល់ រីស៊ីដេន ហូថេល អេន រីហ្សត (Royal Residence Hotels and Resorts) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានបើកការដ្ឋានសាងសង់ហើយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះក្រោមអធិបតីភាពទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោកទេសរដ្ឋមន្ដ្រី បានថ្លែងថា «ក្នុងនាមថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្នុងនាមខ្ញុំផ្ទាល់ សូមសំដែងការស្វាគមន៍ និងអបអរសាទរ ជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្ដ របស់ក្រុមហ៊ុន Royal Residence Hotels and Resorts ក្នុងការវិនិយោគក្នុងវិស័យសណ្ឋាគារ ដែលចាប់ផ្ដើមអនុវត្ដន៍គម្រោងសាងសង់សណ្ឋាគារកម្រិតផ្កាយប្រាំ មានកម្ពស់១៤ជាន់ ក្រឡាផ្ទៃសំណង់ ៤៧,៤០០ម៉ែត្រក្រឡា លើផ្ទៃដីទំហំ ៧,០៣២ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ គឺនៅជិតព្រះបរមរាជវាំង និងសារមន្ទីរជាតិ បេះដូងនៃកម្ពុជា។ នេះបង្ហាញឲ្យឃើញ កម្ពុជាកំពុង ស្ថិតនៅក្នុងសុខសន្ដិភាពពេញ បរិបូរ សភាពការណ៍នយោបាយសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមល្អប្រសើរដែលបង្កើតនូវបរិយាកាស និងកាលានុវត្ដន៍ភាពដ៏ប្រពៃ សម្រាប់ការវិនិយោគ និងធុរកិច្ចក្នុងគ្រប់វិស័យ»។
លោកទេសរដ្ឋមន្ដ្រី បន្ថែមថា «ដូច្នេះ ការសាងសង់នូវសណ្ឋាគារផ្កាយប្រាំ Hyatt Regency Phnom Penhនេះ នឹងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា និងចំណូលថវិកាជាតិ រួចចំណែកយ៉ាងពិតប្រាកដ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅក្នុងការអភិវឌ្ឍសេដ្ឋសង្គមកម្ពុជា»។
លោកទេសរដ្ឋមន្ដ្រីថ្លែងទៀតថា នៅឆ្នាំ២០១៦ សណ្ឋាគារទូទាំងប្រទេសមានចំនួន ៦៤៧កន្លែង ផ្ទះសំណាក់ ១,៩៩៦កន្លែង ទីភ្នាក់ងារទេសចរណ៍៥៨៨ក្រុមហ៊ុន និងមគ្គុទេ្ទសទេសចរណ៍ ៥,០៨៨នាក់ ហើយសណ្ឋាគារចំនួន៩៦កន្លែង មានចំណាក់ថ្នាក់ក្នុងនោះសណ្ឋាគារផ្កាយប្រាំ ចំនួន២១ ផ្កាយ៤ ចំនួន៣៦ ផ្កាយ៣ ចំនួន២២ ផ្កាយ២ ចំនួន១០ និងផ្កាយ១ចំនួន៧កន្លែង។ ដោយឡែកសណ្ឋាគារចំនួន ៤៨កន្លែង ទទួលបានការវាយតម្លៃ និងទទួលស្គាល់ ជាសណ្ឋាគារបៃតងអាស៊ានផងដែរ។
លោក ដេវីដ អុឌែល អគ្គនាយកសណ្ឋាគារហាយ៉ាត់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា «ខ្ញុំពិតជាមានកិត្តិយសដែលក្នុងថ្ងៃនេះ អាចស្វាគមក្រុមហ៊ុន ជីប ម៉ុង គ្រុប មកកាន់មហាគ្រួសារសណ្ឋាគារហាយ៉ាត់។ ដូចគ្នានឹងសណ្ឋាគារហាយ៉ាត់ ក្រុមហ៊ុន ជីប ម៉ុង គ្រុបត្រូវបានផ្តើមចេញពីជំនួញជាលក្ខណៈគ្រួសារ ហើយបច្ចុប្បន្ន បន្ទាប់ពីឈរជើងក្នុងទីផ្សារកម្ពុជារយៈពេល៣៥ឆ្នាំមក ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានក្លាយជាក្រុមហ៊ុនដ៏ធំ និងឈានមុខគេមួយ ដែលបានវិនិយោគលើពហុវិស័យក្នុងប្រទេសកម្ពុជា»។
ទន្ទឹមនឹងនោះ លោកឧកញ៉ា លាង ឃុន ម្ចាស់សណ្ឋាគារ ហាយ៉ាត់រីជិនស៊ី ភ្នំពេញ បានថ្លែងថា «ការរចនា និងការគ្រប់គ្រងសណ្ឋាគារ នឹងធ្វើឡើងស្របតាមបទដ្ឋានអន្តរជាតិរបស់សណ្ឋាគារហាយ៉ាត់ ដូច្នះខ្ញុំជឿជាក់ថាសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ពិតជាអាចទាក់ទាញភ្ញៀវទេសចរណ៍និងអ្នកជំនួញធំៗមកកាន់ទីក្រុងភ្នំពេញ កាន់តែច្រើនជាងមុន ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកមុខមាត់ប្រទេសកម្ពុជាមួយកម្រិតផងដែរ។ សណ្ឋាគារនេះ នឹងក្លាយជាសណ្ឋាគារហាយ៉ាត់រីជិនស៊ីដំបូងគេក្នុងប្រទេសកម្ពុជា ហើយសណ្ឋាគាហាយ៉ាត់ ជាសណ្ឋាគារក៏ល្បីឈ្មោះលំដាប់អន្តរជាតិ ដែលមានដើមកំណើតពីសហរដ្ឋអាមេរិក ក្នុងរយៈពេល៦០ឆ្នាំកន្លងមកនេះ សណ្ឋាគាហាយ៉ាត់មានសរុប៦៦៣សណ្ឋាគារក្នុង៥៦ប្រទេសនៅក្នុងប្រាំមួយទ្វីបនៃពិភពលោក»៕