(ភ្នំពេញ)៖ សាស្រ្ដចារ្យបណ្ឌិត និងអ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិ ដែលមានបទពិសោធន៍ ស្រាវជ្រាវជាច្រើនឆ្នាំចំនួន១៥រូប ដែលមកពីបណ្ដាប្រទេសនានារួមមាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី ថៃ និងកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ បានចូលរួមធ្វើបទបង្ហាញ លើប្រធានបទធំៗចំនួន៤ រួមមាន សាសនា និងវប្បធម៌ មនុស្សសាស្រ្ដ និងវិទ្យាសាស្រ្ដសង្គម សហគមសេដ្ឋកិច្ចអាស៊ាន ព្រមទាំងបច្ចេកវិទ្យានយោបាយ និងសន្ដិសុខ នៅកម្ពុជា។
ការចូលរួមធ្វើបទបង្ហាញនេះត្រូវ បានធ្វើឡើងក្នុងកម្មវិធីអង្គសន្និសីទអន្ដរជាតិលើកទី៤ ស្ដីពី «ការអភិវឌ្ឍសហគមន៍អាស៊ាន» ដែលមានការសហការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាលកលវិទ្យាល័យ ម៉ូហាម៉ាឌីយ៉ាម៉ាឡាំង ឥណ្ឌូនេស៊ី។ ហើយនេះជាលើកតំបូងដែលកម្ពុជា និងឥណ្ឌូនេស៊ីបានធ្វើការសហការរួមគ្នា។
លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា បានឲ្យដឹងថា «ការធ្វើបទបង្ហាញលើប្រធានបទទាំងនេះ ធ្វើឡើងដើម្បីចែករំលែក បទពិសោធន៍នៃការសិក្សា ស្រាវជ្រាវចំពោះការអភិវឌ្ឍសហគមន៍អាស៊ាន ក៏ដូចជាការស្វែងយល់ដឹងពីចំណេះដឹងថ្មីៗបន្ថែមទៀត ហើយនេះជាឱកាសថ្មីមួយទៀតសម្រាប់វាគ្មិនធ្វើបទបង្ហាញ និងផ្សព្វផ្សាយស្នាដៃស្រាវជ្រាវរបស់ខ្លួន ដែលបានស្រាវជ្រាវ សង្កេត និងពិចារណាអស់រយៈពេលកន្លងមក ហើយកាន់តែពិសេសថែមទៀត សម្រាប់អ្នកសិក្សា ដែលចង់ឈ្វេងយល់អំពីមរតកវប្បធម៌ សេដ្ឋកិច្ច នយោបាយ និងសន្ដិសុខក្នុងអាស៊ាន»។
សន្និសីទអន្ដរជាតិលើកទី៤ ធ្វើឡើងស្រប់ទៅនឹងគោលដៅយុទ្ធសាស្រ្ដ នៃវចក្ខុវិស័យសហគមន៍អាស៊ាន ដែលសំដៅ ដល់ការតភ្ជាប់រវាងសមាជិក នៃបណ្ដាប្រទេសអាស៊ានទាំង១០ ដោយរួមមានការតភ្ជាប់ ៣សំខាន់ៗគឺ ការតភ្ជាប់រវាង ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ការតភ្ជាប់ផ្នែករូបវ័ន្ដ ការតភ្ជាប់រវាងស្ថាប័ន និងស្ថាប័ន ហើយការតភ្ជាប់ទាំង៣នេះគឺជាមធ្យោបាយគាំទ្រ
ជាមូលដ្ឋាន ដើម្បីឆ្ពោះទៅសម្រេចនូវសសេរស្ដម្ភទាំង៣ នៃសមាហរន្ដកម្មសហគមន៍អាស៊ាន គឺ សេដ្ឋកិច្ច សន្ដិសុខ-នយោបាយ និងសង្គម-វប្បធម៌។
លោកស្រីបន្ដទៀតថា «សម្រាប់ការធ្វើបទបង្ហាញថ្ងៃនេះ ខ្ញុំសង្ឃឹមថានឹងប្រព្រឹត្តិទៅដោយរលូន ប្រកបដោយអត្ថន័យយ៉ាងធំធេងនិងជ្រាលជ្រៅ ខាងផ្នែកវិទ្យាសាស្រ្ដ ហើយឯកសារនិងបទពិសោធន៍ក្នុងរបកគំហើញរបស់វាគ្មិន នឹងជួយជំរុញទឹកចិត្តស្រលាញ់ រាប់អានគ្នា ចែករំលែកគ្នា និងជួយគ្នាទៅវិញទៅមករវាងរដ្ឋ និងរដ្ឋ ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ»។
សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីប៉ែកអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាននេះ ត្រូវបានបង្កើតឡើងជាលើកដំបូងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកក ដែលមានប្រទេសជាសមាជិកចូលរួមចំនួន៥ គឺប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ៕