(សៀមរាប)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ បានដឹកនាំមន្រ្តីកាំកុងត្រូលជាច្រើនរូប ចុះទៅពិនិត្យគុណភាពទំនិញនៅក្នុងផ្សារលើធំថ្មី។
ពេលចុះពិនិត្យនោះទំនិញចំនួន៧៨គំរូ ត្រូវបានយកមកពិសោធន៍ពិនិត្យគុណភាព និងរកសារធាតុគីមីហាមឃាត់។ ជាលទ្ធផលផលិតផល ដែលពិនិត្យទាំង៧៨គំរូនេះ មានតែខ្ទឹមសប៉ុណ្ណោះ ដែលមានសារធាតុថ្នាំគីមីតែមានកម្រិតទាបបំផុត។
លោក ប៉ាន សូរស័ក្តិ បានហៅការចុះត្រួតពិនិត្យគុណភាពទំនិញតាមទីផ្សារនេះ គឺជាការខិតខំមួយរបស់ រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការថែរក្សាសុខមាលភាពរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្រ។
លោករដ្ឋមន្រ្តី ក៏បានបង្ហាញការប្តេជ្ញាចិត្តផងដែរថា តាមរយៈអគ្គនាយកដ្ឋានកាំកុងត្រូល ដែលជាសេនាធិការ របស់ក្រសួងពាណិជ្ជកម្ម នឹងធ្វើសកម្មភាពដូចភ្លៀងរលឹម ចុះទៅពិនិត្យគុណភាពទំនិញនៅលើទីផ្សារ និងតាមព្រំដែន ធ្វើយ៉ាងណា បង្កា និងទប់ស្កាត់ឲ្យបានខ្ពស់នូវការចរាចរណ៍ទំនិញខូចគុណភាព ឬ មានសារធាតុគីមីហាមឃាត់នោះ។
លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ ក៏បានឆ្លៀតអប់រំ និងផ្តាំផ្ញើដល់អាជីវករ ទាំងអស់ កុំឲ្យយកទំនិញគ្មានគុណភាព ឬ មានសារធាតុគីមីមកលក់ ព្រោះនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាព របស់អ្នកប្រើប្រាស់៕