(ភ្នំពេញ)៖ មន្រ្តីនគរបាលពាក់ស័ក្តិ៣ នៅនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្វាយ ពិសិដ្ឋ ដែលត្រូវចាប់ខ្លួនរឿងបាញ់បោះសេរីជិត១០គ្រាប់ ដោយសារខឹងប្រពន្ធ នៅក្នុងបុរីសម្បត្តិមានហេងនោះ ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅ អះអាងថា មិនត្រូវបានបញ្ជូនទៅតុលាការដើម្បីកាត់ទោសនោះ គឺឲ្យបញ្ជូនទៅអង្គភាពដើម (អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម) ដើម្បីទទួលការដាក់ពិន័យតាមកង កម្លាំងនគរបាលជាតិ។
មន្រ្តីនគរបាលខណ្ឌច្បារអំពៅ បានប្រាប់អង្គភាព Fresh News ថា បន្ទាប់ពីការសួរនាំចប់ និងដោយសារគ្មានពាក្យបណ្តឹងផងនោះ ព្រមទាំងជននេះ ព្រមទទួលស្គាល់កំហុសខ្លួនឯង ទើបសម្រេចបញ្ជូនទៅកាន់អង្គភាពដើមវិញ ដើម្បីដាក់ពិន័យតាមច្បាប់នគរបាលជាតិ។
សូមបញ្ជាក់ថា ករណីនេះកើតឡើងនៅវេលាម៉ោង៥៖៤០នាទី ល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ បង្កឡើងដោយមន្រ្តីនគរបាល នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ លោក ស្វាយ ពិសិដ្ឋ អាយុ៣៤ឆ្នាំ ដែលបានបាញ់ជិត១០គ្រាប់ ដោយសារខឹងប្រពន្ធរបស់ខ្លួន៕