(សៀមរាប)៖ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប នាព្រលប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា លោក ប៉ាន សូរស័ក្តិ បានស្នើឲ្យប្រទេសទីម័រខាងកើតចុះអនុស្សរណៈ (MoU) ជាមួយសភាពាណិជ្ជកម្មកម្ពុជា នៅក្នុងខែឧសភាខាងមុខនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិស័យឯកជន និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងដូចនេះ ក្នុងខណៈដែលលោកបានជួបពិភាក្សាទ្វេភាគីជាមួយលោក អ៉ីស្តានីសឡូ អាឡិចហ្សូ ដាស៊ីលវ៉ា (Estanislau Alexo Da Silva) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច កសិកម្ម និងនេសា ទនៃប្រទេសទីម័រខាងកើត ដែលបានសុំឲ្យកម្ពុជា ចែករំលែកបទពិសោធន៍លើការចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ការធ្វើពិពិធកម្មនាំចេញផលិតផលកសិកម្ម និងការអភិវឌ្ឍវិស័យទេសចរណ៍។
លោក ប៉ាន សូរស័ក្តិ បានបន្តថា ប្រទេសទីម័រខាងកើត បានព្រមព្រៀងទិញអង្ករពីកម្ពុជាចំនួន ២០ម៉ឺនតោន ក្នុងមួយឆ្នាំ ប៉ុន្តែប្រទេសទាំងពីរពុំទាន់បានចុះ MoU ជាមួយគ្នានៅឡើយ ហើយការមាន MoU រវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសមត្ថភាពនាំចេញរបស់វិស័យឯកជន ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយឧស្សាហកម្មទេសចរណ៍ថែមទៀត។
ជាការឆ្លើយតបលោក អ៉ីស្តានីសឡូ អាឡិចហ្សូ ដាស៊ីលវ៉ា បានសន្យានឹងនាំយកសំណើនេះ ទៅពិភាក្សាជាមួយប្រមុខរាជរដ្ឋាភិបាលទីម័រខាងកើត ដើម្បីពន្លឿនការចុះអនុស្សរណៈជាមួយកម្ពុជា ឲ្យបានលឿនតាមដែលអាចធ្វើបាន។
លើសពីនេះលោក អ៉ីស្តានីសឡូ អាឡិចហ្សូ ដាស៊ីលវ៉ា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានចែករំលែកបទពិសោធន៍ល្អៗ និងជួយគាំទ្រប្រទេសទីម័រខាងកើត ក្នុងការចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន និងសមាជិកអង្គការ WTO៕