(ភ្នំពេញ)៖ ក្មេងប្រុសសិស្សសាលាគោកបញ្ជាន់ម្នាក់ ឆ្លៀតពេលទំនេរពីការសិក្សា បានដើរលេងនៅមាត់ស្រះ ជាមួយមកត្តភក្ដិ៤-៥នាក់ទៀត ពេលនោះស្រាប់តែមានមិត្តភក្ដិម្នាក់ របូតស្បែកជើងធ្លាក់ចូលទៅក្នុងស្រះទឹកនោះ មានជម្រៅជាង៥ម៉ែត្រ។ ឃើញបែបនេះក្មេងប្រុសខាងលើ បានលោតចុះទៅយកស្បែកជើងឲ្យមិត្តភក្ដិ ហើយក៏បានបណ្ដាលឲ្យលង់ទឹកស្លាប់តែម្តង។ ពេលកំពុងលង់នោះក៏មានមិត្តភក្ដិលោតចុះទៅជួយ ហើយក៏បានលង់ទឹកដែរ ប៉ុន្តែរួចផុតពីសេចក្ដីស្លាប់ ដោយសារគេជួយទាន់។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅក្នុងស្រះទឹក វត្តគោបញ្ជាន់ ភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពក្មេងប្រុសរងគ្រោះ ត្រូវបានប្រជាពលរដ្ឋនាំគ្នា ចុះរាវរកជាច្រើនម៉ោង តាមរយៈការអូសអួន ប៉ុន្តែមិន បានឃើញនោះឡើយ លុះក្រោយមក បានជួលជនជាតិខ្មែរឥស្លាម ក្នុងតម្លៃ៣០០ដុល្លារឲ្យចុះរាវរក ហើយ ត្រឹមតែ១៥នាទីប៉ុណ្ណោះ គឺនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃដដែល ក៏បានប្រទះឃើញសពក្មេងប្រុសរូបនោះ។
ក្មេងប្រុសរងគ្រោះខាងលើនោះ ឈ្មោះ ទ្រី សុបញ្ញា អាយុ១៣ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាគោកបញ្ជាន់ មានម្តាយឈ្មោះ ប៊ុន ស្រីនី អាយុ៣៥ឆ្នាំ និងឪពុកឈ្មោះ ទ្រី សុខណា អាយុ៣៨ឆ្នាំ ជាកម្មករកម្មការិនីរោងចក្រកាត់ដេរ និងមានទីលំនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ដោយឡែក ឪពុកម្ដាយរបស់ក្មេងប្រុសរូបនោះ បន្ទាប់ពីរកឃើញសពកូនប្រុស មានការរន្ធត់ចិត្តរហូតដល់សន្លប់បាត់ស្មារតី ចំណែកអ្នកដែលទៅចោមរោមមើលហេតុការណ៍នោះ បានទុកម៉ូតូចោលមិនប្រយ័ត្ន ត្រូវបានចោរកាច់សោរកម៉ូតូ១គ្រឿង យកទៅបាត់ដោយសុវត្ថិភាព៕