(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការប្រតិកម្មយ៉ាងខ្លាំងចំពោះ ការចោទប្រកាន់គ្មានមូលដ្ឋាន ក្នុងរបាយការណ៍របស់ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ស្តីពី «លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា» នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ដោយក្រុមដែលតាំងខ្លួនជាសមាជិកសភាអាស៊ាន។
ក្រសួងការបរទេស បញ្ជាក់ថា ក្រុមទាំងនោះ មិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សភាអាស៊ានឡើយ ក្រុមទាងនោះវាយតម្លៃកម្ពុជា ប្រកបដោយភាពខ្មៅងងឹត។
ប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពី មានប្រព័ន្ធផ្សព្វផ្សាយប្រឆាំងមួយចំនួន បានចុះផ្សាយ របាយការណ៍របស់ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ដោយដាក់ចំណងជើងថា «ការវាយប្រហារសមាជិកសភា និងការគំរាមកំហែងស្ថាប័នកម្ពុជា គឺជាសំឡេងជួងមរណៈសម្រាប់ប្រជាធិបតេយ្យនៅកម្ពុជា»។
របាយការណ៍នេះ បានចោទប្រកាន់ថា ប្រព័ន្ធនយោបាយកម្ពុជា កំពុងប្រឈមនឹងវិបត្តិភាពស្របច្បាប់ និងគំរាមដល់ភាពអន្តរាយរបស់ប្រទេស ដែលលទ្ធិប្រជាធិបតេយ្យកំពុងតែផុយស្រួយ។
កាលពីម្សិលមិញ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជន បានប្រតិកម្មទៅនឹង ក្រុមមនុស្សមួយចំនួន ដែលហៅខ្លួនឯងថាជា «សភាអាស៊ាន» ហើយវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា។ លោកអះអាងថា តំបន់អាស៊ាននេះ សភាអាស៊ានមួយប៉ុណ្ណោះនោះ គឺ AIPA៕
សូមអានសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ៖