(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យសង្វេគពេកហើយ ខណៈដែលផលិតកររឿង «កំពូលស៊យឆ្លងភព» បានរៀបរាប់ពីទុក្ខសោករបស់ខ្លួន ស្របពេលដែលភាពយន្តមួយនេះ កំពុងតែជិតដល់ថ្ងៃទម្លាក់ពីរោង ដោយទទូចដល់ទស្សនិកជន ទៅមើលឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្ត ក៏ដូចជាបានចំណូលមកវិញ គ្រាន់ដោះស្រាយបញ្ហាបំណុល ដែលកំពុងតែប្រឈមជាមួយនឹងធនាគារ។
លោក តាន់ វុទ្ធី ផលិតករ និងជាចាងហ្វាងផលិតកម្ម «អូហ្វីម» បានថ្លែងទាំងទឹកមុខក្រៀមក្រំថា លោកមិនទាន់សប្បាយចិត្តនោះទេ ស្របពេលដែលរឿង «កំពូលស៊យឆ្លងភព» របស់លោកដាក់បញ្ចាំងបានតែប៉ុន្មានថ្ងៃ តួលេខអ្នកមកមើលបានតែជាង១ម៉ឺននាក់ប៉ុណ្ណោះ ខណៈដែលរឿងនេះ តាមដឹងត្រូវទម្លាក់ពីរោងកុន ក្នុងអាទិត្យនេះហើយ។ បើប្រៀបធៀប ក្នុងតួលេខអ្នកមើល១ម៉ឺន២ពាន់នាក់ គឺមិនបាន១០%ដែលលោកត្រូវដោះស្រាយ បញ្ហាចំពោះមុខឡើយ។ ជាការពិតលោកកំពុងតែវ័ណ្ឌករ ក្នុងបំណុលធនាគារដោយទៅខ្ចីលុយគេ អស់ប៉ុន្មានម៉ឺនដុល្លារ តែលទ្ធផល គឺមិនសមបំណងឡើយ។
យ៉ាងណាមិញលោក តាន់ វុទ្ធី ក៏បានបង្ហាញពីផលវិបាក ចំពោះរោងកុន ដែលមិនបានដាក់បញ្ចាំងរឿងរបស់លោក ក្នុងម៉ោងពិសេស ពោលគឺម៉ោងដែលមានមនុស្សមកមើលច្រើនទេ ដោយរោងភាពយន្ត បានដាក់បញ្ចាំងក្នុងម៉ោង ដែលស្ទើរតែគ្មានអ្នកទៅទស្សនាសោះ ដែលជាហេតុធ្វើឲ្យលោក ពិតជាតឹងទ្រូង និយាយអ្វីលែងចង់ចេញ។
ផលិតករ ជួបប្រទះការលំបាក ក្នុងវិស័យភាពយន្តរូបនេះ បានបញ្ជាក់ថា ភាគច្រើនរឿងរបស់លោកដាក់បញ្ចាំង នៅម៉ោងស្អុយ ពោលគឺក្នុងម៉ោង៩ព្រឹក ឬម៉ោង១០ព្រឹក ដែលម៉ោងនេះមិនមានអ្នកណាទំនេរ មកទស្សនានោះទេ ហើយតួលេខនៃការបញ្ចាំង ក៏មិនមានច្រើនដែរ។ មូលហេតុបែបនេះហើយលោកឆ្ងល់ មានកត្តាអ្វីដែលឲ្យកុនលោកដាក់តែម៉ោងស្អុយភាគច្រើន ខុសពីផលិតកម្មមួយ ចំនួន។ លោកលើកហេតុផលទៀតថា កត្តាដែលចាំបាច់ក្នុងផ្លូវសង្ឃឹមរបស់លោក គឺមានតេអង្វរទស្សនិកជនប៉ុណ្ណោះ ព្រោះលោកមានពេលតែ២ឬ៣ថ្ងៃទៀតទេ ដែលកុនរបស់លោកត្រូវបិទលែងបញ្ចាំងទៀតហើយ ព្រោះគ្មានមនុស្សមើល ហើយក៏ជិតដល់ពេលបញ្ចប់ការបរិច្ឆេទ ជាមួយរោងកុនដែរ។
ផលិតករដែលហ៊ានលះបង់ធនធានរហូតផុងខ្លួន ជាប់បំណុលធនាគារ ដោះស្រាយមិនទាន់ចេញរូបនេះ បានត្អូញត្អែបន្ថែមទៀតថា ជាមួយគ្នានេះ ក្រៅពីមហាជនទូទៅ អ្នកសិល្បៈក៏ជាចំណែកមួយ ក្នុងចូលរួមជួយជ្រោមជ្រែងគ្នាផងដែរ ព្រោះអ្នកសិល្បៈ អាចដឹងដឹងពីទុក្ខធុរៈអ្នកសិល្បៈដូចគ្នាច្បាស់ ហើយពេលឃើញអ្នករួមអាជីព កំពង់ឈ្លក់ទឹកបែបនេះ គួរតែចេះជួយគ្នា កុំមើលបំណាំគ្នា ទើបជាការប្រសើរ ហើយឈានទៅរកភាពរីកចម្រើនទាំងអស់គ្នា។
លោកសង្កត់ធ្ងន់ថា យ៉ាងណាមិញ ព្រោះតែស្រឡាញ់សិល្បៈ លោកលះបង់ច្រើនណាស់ បើមិនគិតពីរឿងនេះ លោកអាចរស់នៅស្រួល ទៅណាមកណាក៏ស្រួលចិត្តដែរ មិនលំបាកជីវភាពទេ ។ តែពេលនេះ លោកបានលង់ខ្លួនខ្ចីលុយធនាគារ រាប់ម៉ឺន ហើយនឹងត្រូវលះបង់លុយសងគេទៅវិញ១ខែ១ពាន់ដុល្លារជាង ហើយមានរយៈពេលដល់ទៅ៥ឆ្នាំឯណោះ ស្របពេលក្នុងបញ្ជីលុយទាំងនោះ មានបងប្អូនមួយចំនួន គេយករបស់ទៅដាក់មកជួយលោកដែរ ដូចនេះកាន់តែធ្វើឲ្យអ្នកផ្សេង រួមចំណែកពិបាក ដោយសារលោកបន្ថែមទៀត៕