(មណ្ឌលគិរី)៖ ប្រភពពីមន្ត្រីនៅក្នុងគណៈកម្មការស្រាវជ្រាវបទល្មើសកាប់ឈើ នៅតំបន់អូរអាហ៊ុច បានបង្ហើបអោយដឹងថា នៅព្រឹកថ្ងៃពុធ ទី២២ ខែមីនានេះ គណៈកម្មការចំពោះកិច្ច បានកោះហៅមេៗអង្គភាពមានសមត្ថកិច្ចចំនួន៣អង្គភាព នៅ មណ្ឌលគិរីដែលរួមមាន៖ មេអ.ហខេត្ត មេយោធាខេត្ត និងមេនគរបាលខេត្ត រួមទាំងមេវរៈ​យោធាការពារ​ព្រំដែន​គោកលេខ​១០៣ និងភរិយាទៅកាន់តុគណៈកម្មការថ្នាក់ជាតិ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ដើម្បីសួរនាំនិងបំភ្លឺជុំវិញ ករណីបទល្មើសព្រៃឈើទ្រុងទ្រាយធំ នៅចំណុចប៉ុស្តិ៍អូរហ៊ុច ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលគណៈកម្មការចុះបង្ក្រាប​បានកាលពីពេលថ្មីៗនេះ។

តាមប្រភពព័ត៌មានបានអះអាងថា មេៗអង្គភាពចំនួន៣អង្គភាព មានចំនួនបីរូប ដែលគណៈកម្មការហៅមកសួរនាំនាថ្ងៃនេះ មានលោកផ្កាយ១ សាក់ សារ៉ាង មេអាវុធហត្ថខេត្តមណ្ឌលគិរី, លោកផ្កាយ១ តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី និង លោកផ្កាយ១ ឃិន ម៉េងស្រេង មេបញ្ជាការយោធាខេត្តមណ្ឌលគិរី ក្នុងនោះគណៈកម្មការថ្នាក់ជាតិក៏បានកោះហៅ លោក យិន ចាន់ទី មេវរៈយោធាការពារព្រំគោកលេខ១០៣ និងភរិយាមកសួរនាំនៅតុរបស់គណៈកម្មការផងដែរ។

រហូតដល់ម៉ោង១១ថ្ងៃត្រង់នេះ គេមិនទាន់មានព័ត៌មានច្បាស់ការ ណាមួយទំលាយឲ្យដឹងថាមេៗអង្គភាពទាំងបីរូប និងមេវរៈមួយរូប​ផងដែរ នេះដែលគណៈកម្មការហៅទៅសួរនាំនាថ្ងៃនេះ ថាតើមានកាជាប់ពាក់ព័ន្ធករណីអ្វីនៅឡើយទេ។

ប៉ុន្តែដោយឡែក ភរិយារបស់លោក យិន ចាន់ទី មេវរៈយោធាការពារព្រំដែនលេខ១០៣ ដែលគណៈកម្មការថ្នាក់ជាតិ ហៅមកសួរនាំដែរនោះ ត្រូវ បានគេលួចបង្ហើបប្រាប់ថា​អាចជាប់សង្ស័យមានការទទួលសំណូក ក្នុងសំណុំរឿង​បទល្មើសព្រៃឈើ​ដ៏អាស្រូវ​នៅតំបន់ប៉ុស្ដ៏ អូរអាហ៊ុចនេះ។

សូមបញ្ជាក់ថា គណៈកម្មការថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នឹងបន្តនីតិវិធីរបស់ខ្លួន​ រហូតដល់​រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ អាចបញ្ចប់ការងាររបស់ខ្លួន​​បន្ទាប់ពី​ក្រុមការងារនេះ បានបន្តបេសកកម្ម​ជាច្រើនថ្ងៃ​នៅក្នុងខេត្តមណ្ឌលគិរីរួចមក៕

សាលប្រជុំសាលាខេត្តមណ្ឌលគិរី

រថយន្ត លោក យិន ចាន់ទី ជិះមកបំភ្លឺនៅសាលាខេត្ត