(ភ្នំពេញ)៖ ក្រោយពីបញ្ចប់ប្រតិបត្តិការចុះត្រួតពិនិត្យទំនិញនៅ ក្នុងផ្សារទួលស្វាយព្រៃរួចមកនោះ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានអំពាវនាវយ៉ាងទទូចដល់បងប្អូនអាជីវករទាំងអស់ នៅក្នុងរាជធានីភ្នំពេញ មុននឹងទទួលទំនិញផ្សេងៗ (គ្រឿងបរិភោគ)មកលក់បន្ត ត្រូវធ្វើការពិនិត្យឲ្យបានច្បាស់ពីស្លាកសញ្ញា និងពេលវេលាកំណត់របស់ទំនិញនិមួយៗ ជាពិសេសអាជីវករដែលទិញលក់ បន្លែ ត្រីសាច់ ត្រូវស្គាល់ពីអាសយដ្ឋាន យីហោម្ចាស់ទំនិញ ដើម្បីងាយស្រួលពេលមន្ត្រីជំនាញចុះពិនិត្យឃើញ មានសារធាតុគីមី អាចបង្ក្រាប និងទប់ស្កាត់ទាន់ពេលវេលា។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ដោយមានការណែនាំបន្ថែមពីលោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានបញ្ជាឲ្យមន្ត្រីសាខាផែស្ងួតចុងទីភ្នំពេញ សហការជាមួយជាមន្រ្តីមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានចុះត្រូតពិនិត្យទំនិញ ម្ហូបអាហារ នៅផ្សារទួលស្វាយព្រៃ និងតាមបណ្តាហាងស្តាម៉ាតស្ថិតក្នុងខណ្ឌចំការមន ដើម្បីស្វែងរកនូវសារធាតុគីមីហាមឃាត់ ដែលអាជីវករមួយចំនួនតូចបានប្រើប្រាស់ ដែលជាកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ចំពោះសុវត្ថិភាពម្ហូបអារហារ។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានដឹកនាំមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារ ហាមការដាក់តាំងផលិតផល ភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
ទន្ទឹមនេះមន្ត្រីកាំកុងត្រូលក៏បានស្រាវជ្រាវរកវត្តមានអារហារបំប៉នឈ្មោះ PC ORGANIC តែជាលទ្ធផលយើងពុំបានជួបប្រទះឡើយ។ លោកបញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ មិនមានការដកហូតទំនិញអ្វីឡើយ ដោយសារការធ្វើពិនិត្យទៅលើ បង្គាស្រល់ មឹក ត្រីងៀត បន្លែ គុយទាវក្រៀម មីស្រល់ នឹងត្រីសាច់ផ្សេងៗគ្មានការផ្ទុកនៅសារធាតុគីមី៕