(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខសិក្ខាកាមទាំងអស់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្រសួងមហាផ្ទៃ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែន លោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បានថ្លែងជំរុញ និងក្រើនរំលឹកឲ្យ យកចិត្តទុកដាក់រៀនសូត្រ តាមគំរូវីរៈភាពរបស់រៀមច្បង កងកម្លាំងប្រដាប់អាវុធរបស់យើង ដើម្បីការពារទឹកដីឲ្យបានគង់វង្ស សម្រាប់ក្មេងជំនាន់ក្រោយ។
លោកឧត្តមសេនីយ៍ តាមការអញ្ជើញរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្រសួងមហាផ្ទៃនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ បានចូលរួមធ្វើបថកថា ស្តីពីសភាពការណ៍សន្តិសុខ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី ក្រោយព្រឹត្តិការណ៍អង្គការយូណេស្កូ សម្រេចចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។
ការធ្វើបថកថានេះ មានការចូលរួមស្តាប់ ពីសំណាក់អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែន ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក នាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងនគរបាលបច្ចេកទេស
ព្រំដែន ព្រមទាំងសិក្ខាកាមវគ្គបញ្ជាការសេនាធិការ មកពីគ្រប់វរៈសេនាតូចនគរបាលការពារព្រំដែន សរុបរួមចំនួន១០១នាក់។
បន្ទាប់ពីបានចែករំលែកនូវបណ្តាបទពិសោធន៍ នៃការប្រយុទ្ធ និងជោគជ័យក្នុងការការពារបូរណភាពទឹកដី យ៉ាងអង់អាចក្លាហាន ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាពិសេសវីរភាពរបស់ កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិរួចមក អគ្គស្នងការរង បានក្រើនរំលឹកថា «សក្ខាកាមទាំងអស់ ឲ្យយកចិត្តទុកដាក់រៀនសូត្រ តាមគំរូវីរៈភាពរបស់ រៀមច្បងកងកម្លាំង ប្រដាប់អាវុធរបស់យើង និងបង្កើនស្មាតីឆន្ទៈមោះមុត ម្ចាស់ការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីឲ្យបានគង់វង្សមិនឲ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្របាន ឡើយ»។
គួររំលឹកថា បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ជម្លោះព្រំដែននៅតំបន់ប្រាសាទព្រះវិហារ រវាងកម្ពុជា និងថៃ បានចាប់ផ្តើមផ្ទុះឡើង រហូតមានការប្រឈមផ្នែកអាវុធរវាងកងទ័ព នៃប្រទេសទាំង២ទៀតផង ប៉ុន្តែរហូតមកដល់ពេលនេះស្ថានភាពនៅតាមព្រំដែន មានសុខសន្តិភាព និងស្ថេរភាពយ៉ាងប្រសើរដែលប្រជាជនទាំងសងខាង រស់នៅដោយសុខសាន្ត និងអាចរកស៊ីបានយ៉ាងស្រួល៕