(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមីនានេះតុលាការកំពូល បានបើកសវនាការកាត់ទោសលោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ លើករណីរក្សាទុកប្រាក់ដុល្លារក្លែងក្លាយ ប៉ុន្តែត្រូវបានតុលាការកំពូលប្រកាសពន្យាពេល មិនទាន់កំណត់ថ្ងៃ។
សវនាការកាត់ទោសលោក ហេង ពៅ នាពេលនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ បានសម្រេចដូចគ្នា ផ្តន្ទាទោសលោក ហេង ពៅ ដាក់ពន្ធនាគាររយៈពេល១៤ឆ្នាំ តែលោកមិនសុខចិត្តបានប្តឹងសាទុក្ខមកតុលាការកំពូល ។
លោក ហេង ពៅ ជាប់ចោទពីបទ «រក្សាទុកប្រាក់ដុល្លារក្លែងក្លាយ» ប្រព្រឹត្តនៅផ្ទះលេខ៩ ភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៦ ។
គួរបញ្ជាក់ថា បច្ចុប្បន្ន លោក ហេង ពៅ មានទោសសរុបចំនួន១០៣ឆ្នាំ ពាក់ព័ន្ធរឿងក្ដីជាច្រើនសុទ្ធតែរឿងក្តីធំ ពិសេសករណីប៉ុនប៉ងបាញ់សម្លាប់ លោក ថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព និង ប៉ុនប៉ងបាញ់សម្លាប់លោក អ៊ុក សាវុធ ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ ដែលបច្ចុប្បន្នជាអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍។ ជាការកត់សម្គាល់គ្រប់ដំណាក់កាលទាំងអស់ លោក ហេង ពៅ តែងតែបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ៕