Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាឧទ្ធរណ៍ សម្រេចបន្តឃុំខ្លួនលោក គឹម សុខ ដដែល បន្ទាប់ពីបើកសវនាការនាព្រឹកថ្ងៃនេះ

22-03-2017 19:43

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បានបើកសវនាការ ពាក់ព័ន្ធនឹងការសុំនៅក្រៅឃុំរបស់ លោក គឹម សុខ អ្នកវិភាគនយោបាយ, ប៉ុន្តែបន្ទាប់ពីបញ្ចប់សវនាការនៅព្រឹកថ្ងៃដដែលនេះសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ សម្រេចបន្តឃុំខ្លួនលោក គឹម សុខ ដដែល។

លោក គឹម សុខ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ ចំនួន២បទល្មើសគឺបទ «ញុះញង់ឱ្យ ប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ» បន្ទាប់ពីលោកចូលខ្លួនឆ្លើយបំភ្លឺករណីចោទថា គណបក្សប្រជាជនកម្ពុជា សម្លាប់លោក កែម ឡី។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យប្តឹង លោក គឹម សុខ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីលោក គឹម សុខ និយាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោក បណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន។ ចំពោះករណីនេះ សម្តេចតេជោ ហ៊ុន សែន បានទាមទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារពីលោក គឹម សុខ។

លោក គឹម សុខ ក៏ត្រូវបានប្តឹងមួយករណីទៀត ដោយមេធាវីការពារក្តីឱ្យសម្តេចតេជោ ហ៊ុន សែន ចំពោះករណីដែលលោក បានចោទ រាជរដ្ឋាភិបាលកម្ពុជា រៀបចំប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ៕