(ភ្នំពេញ)៖ មន្រ្តីនគរបាលពាក់ស័ក្តិ៣ នៅនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្វាយ ពិសិដ្ឋ ដែលត្រូវចាប់ខ្លួនរឿងបាញ់រះជិត១០គ្រាប់ ដោយសារខឹងប្រពន្ធ នៅក្នុងបុរីសម្បត្តិមានហេងនោះ ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅអះអាងថា មានសារធាតុញៀនក្នុងខ្លួនផងដែរ បន្ទាប់ពីយកទឹកនោមទៅធ្វើតេស្ត។
នៅចំពោះមុខសមត្ថកិច្ច មន្រ្តីនគរបាលដែលប្រព្រឹត្តបទល្មើសរូបនេះ ក៏បានសារភាពថា ខ្លួនពិតជាបាន និងកំពុងប្រើប្រាស់គ្រឿងញៀនផងដែរ។
តាមគម្រោងនគរបាល ស្វាយ ពិសិដ្ឋ នឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ដើម្បីចាត់ការបន្តទៀត តែរហូតមកដល់វេលាម៉ោង ប្រមាណ១០ព្រឹកនេះ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ មិនទាន់បានបញ្ជូនទៅតុលាការនៅឡើយ។
សូមបញ្ជាក់ថា ករណីនេះកើតឡើងនៅវេលាម៉ោង៥៖៤០នាទី ល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ បង្កឡើងដោយមន្រ្តីនគរបាល នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ លោក ស្វាយ ពិសិដ្ឋ អាយុ៣៤ឆ្នាំ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច មុនពេលកើតហេតុជនសង្ស័យ និងមិត្តភក្តិ២នាក់ទៀត បាននាំគ្នាផឹកស្រាបៀរ នៅផ្ទះជនសង្ស័យអស់មួយកេស រួចក៏នាំគ្នាជិះរថយន្តម៉ាក Toyota HighLander ពណ៌ស ពាក់ស្លាកលេខនគរបាល (មិនចាំស្លាកលេខ) ចេញទៅក្រៅបាត់។
លុះដល់ម៉ោង១៧និង៤០នាទី ថ្ងៃដដែលជនសង្ស័យ ក៏ជិះរថយន្តត្រឡប់មកផ្ទះវិញម្នាក់ឯង ពេលនោះប្រពន្ធរបស់ជនសង្ស័យ ក៏ហៅជនសង្ស័យទៅផឹកស្រា និងច្រៀងខារ៉ាអូខេ ជាមួយអ្នកជិតខាង រួចក៏មានទំនាស់ពាក្យសម្តីគ្នា ហើយជនសង្ស័យក៏យកអាវុធវែងម៉ាក AK-៤៧(មិនដឹងលេខ)បាញ់ឡើងលើជាច្រើនគ្រាប់ រួចក៏យកអាវុធដាក់ក្នុងរថយន្ត ជិះគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចយើង បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ រកឃើញសំបកគ្រាប់អាវុធវែង (AK) ០៥សំបក ទុកធ្វើជាវត្ថុតាង។ យ៉ាងណាក៏ដោយសម្រាប់ហេតុការណ៍បាញ់បោះនេះ មិនបណ្តាលឲ្យរងគ្រោះដល់ប្រជាពលរដ្ឋ ណាម្នាក់នោះទេ។
បើតាមប្រជាពលរដ្ឋ នៅក្បែរជនសង្ស័យបានឲ្យដឹងថា ជននេះធ្លាប់បាញ់បោះផងដែរ ប៉ុន្តែមិនឃើញមានចំណាត់ការ របស់សមត្ថកិច្ចនោះឡើយ។ ចំពោះករណីនេះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសហការជាមួយកម្លាំងនគរបាល មូលដ្ឋានធ្វើការស្រាវជ្រាវបន្ត ដើម្បីចាត់ការបន្តទៀត៕