(រតនគិរី)៖ តុលាការខេត្តរតនគិរី បានសម្រេចឃុំខ្លួនជនជាតិវៀតណាមចំនួន៨នាក់ ដាក់ពន្ធនាគារ បន្ទាប់ពីកម្លាំងនគរបាលចាប់ពួកគេ ពេលកំពុងកាប់ឈើខុសច្បាប់ នៅក្នុងទឹកដីខ្មែរ។ លោក កែវ ពិសិដ្ឋ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគីរី បានឲ្យដឹងថា បន្ទាប់សួរនាំរួចមកនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ លោកចៅក្រមបានចេញដីកាឃុំខ្លួនជនជាតិវៀតណាមទាំងនេះ ដាក់ពន្ធនាគារហើយ។
បើតាមលោក កែវ ពិសិដ្ឋ ជនជាតិវៀតណាមទាំង៨នាក់នោះ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖ ទី១- ចូលព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាត ទី២- ប្រើប្រាស់គ្រឿងចក្របម្រើឲ្យការប្រមូលផល-អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត និងទី៣-ប្រើប្រាស់រណាយន្តគ្រប់ប្រភេទ ដែលបម្រើឲ្យការប្រមូលផល-អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ កម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានចាប់ខ្លួនជនជាតិវៀតណាម៧នាក់ ពីបទលួចឆ្លងដែនចូលមកកាប់ឈើខ្មែរ ដោយខុសច្បាប់ក្នុងភូមិសាស្ត្រព្រៃឈើ តំបន់ព្រំប្រទល់៣ស្រុក គឺស្រុកអូរយ៉ាដាវ, ស្រុកបរកែវ និងស្រុកអណ្តូងមាស។
នគរបាលបានឲ្យដឹងថា ករណីឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងនៅពេលដែលកម្លាំងនគរបាលអន្តោប្រវេសន៍ ចុះត្រួតពិនិត្យកម្មករជនជាតិវៀតណាម ក្នុងក្រុមហ៊ុន។ បន្ទាប់មកក៏ទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅព្រៃក្បែរនោះ មានជនជាតិវៀតណាមជាច្រើននាក់ កំពុងចូលមកកាប់បំផ្លាញព្រៃឈើ មានឧបករណ៍រណាយន្ត ហើយកម្លាំងបានឡោមព័ទ្ធក្របួច បានជនជាតិវៀតណាមមួយចំនួន, មួយចំនួនទៀតរត់គេចខ្លួនដោយបន្សល់ទុកវត្ថុតាង បម្រើកាប់បំផ្លាញព្រៃឈើមួយចំនួន។
ក្រោយមកកម្លាំងនគរបាល ដែលចុះប្រតិបត្តិការ បានដកហូតបានម៉ាស៊ីនកាត់ឈើ៥គ្រឿង, ត្រាក់ទ័រអូសឈើ៣គ្រឿងកំពុងធ្វើសកម្មភាព ក្នុងព្រៃជាក់ស្តែង។
ប្រជាពលរដ្ឋមូលដ្ឋានឆ្ងល់ថា ឧបករណ៍កាប់បំផ្លាញព្រៃឈើ និងជនជាងិវៀតណាមជាច្រើននាក់ ចូលមកដីខ្មែរដោយរបៀបណា ពីព្រោះតាមច្រករបៀង មានកម្លាំងនគរបាលការពារព្រំដែនលេខ៦២៣ និងកម្លាំងយោធាការពារព្រំដែនលេខ១០២ ប្រចាំការនៅទីនោះ សង្ស័យមានមានឈ្មួញឈើខ្មែរ និងវៀតណាមសូកប៉ាន់យ៉ាងក្រាស់ក្រែល ទើបអាចចូលមកស្រុកខ្មែរ បានដោយរលូនបែបនេះ៕