(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឬក្រុមគោព្រៃកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិឥណ្ឌា នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិ លើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ បន្ទាប់ពីក្រុមទាំងពីរខកខាន មិនបានជួបគ្នាអស់ រយៈពេល១០ឆ្នាំកន្លងទៅ ហើយការប្រកួតនេះ ក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ។
នេះគឺជាការបង្ហាញសមត្ថភាពលើកដំបូង របស់ក្រុមរហស្សនាមគោព្រៃកម្ពុជា បន្ទាប់ពីផ្លាស់ប្ដូរគ្រូបង្វឹកថ្មីលោក Leonardo Luiz។ ថ្លែងក្នុងសន្និសីទ មុនជួបគ្នាពីម្សិលមិញ គ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះ បានលើកឡើងថា ការប្រកួតនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់កូនក្រុមខ្លួន ក្នុងការត្រៀមខ្លួនជួបក្រុមម្ចាស់ផ្ទះហ្ស៊កដានី នៅក្នុងវគ្គជម្រុះពានរង្វាន់ Asian Cup 2019 ពូល C នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ។
គ្រូបង្វឹកទើបជំនួបតំណែងបុរសជនជាតិកូរ៉េលោក Lee Tae Hoon រូបនេះបន្ដថា ចំពោះលទ្ធផលការប្រកួតល្ងាចនេះវិញ លោកមិនអាចកំណត់បាននោះទេ ដោយសារលោកបានដឹងច្បាស់ពីកម្រិតសមត្ថភាព របស់ក្រុមជម្រើសជាតិឥណ្ឌា។ ប៉ុន្ដែអ្វីដែលលោកបានអះអាង គឺលោកនឹងបង្ហាញនូវទម្រង់លេងដ៏ពិសេសមួយ ដើម្បីបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ បន្ទាប់ពីលោកដឹកនាំក្រុមកម្ពុជា រយៈពេលជាងមួយខែកន្លងទៅ។
ថ្លែងស្រដៀងគ្នានេះដែរ លោក Stephen Constantine គ្រូបង្វឹកក្រុមឥណ្ឌា បានចាត់ទុកការប្រកួតនេះ គឺជាការត្រៀមឆ្ពោះទៅជួប ក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅក្នុងជំនួបវគ្គជម្រុះពានរង្វាន់ Asian Cup 2019 ពូលA នាថ្ងៃទី២៨ ខែមីនាខាងមុខដូចគ្នា ។ តែអ្វីដែលសំខាន់ គឺលោកត្រូវការឈ្នះក្រុមម្ចាស់ផ្ទះកម្ពុជា មិនត្រូវការចាញ់ ឬក៏ស្មើនោះទេ។ ពិសេសគឺលោកចង់ដឹងពីភាពរីកចម្រើននៃ វិស័យបាល់ទាត់កម្ពុជាបច្ចុប្បន្នតែម្ដង។
គួរបញ្ជាក់ថា នេះគឺជាជំនួបលើកទី៥ រវាងក្រុមជម្រើសជាតិកម្ពុជា និងឥណ្ឌា បើគិតចាប់ពីឆ្នាំ១៩៦៤ រហូតមកទល់បច្ចុបន្ន ដោយលទ្ធផល ក្រុមឥណ្ឌាទទួលបានជ័យជម្នះ ៣លើក និងចាញ់មួយលើក គ្រាដែលប្រវត្តិជួបគ្នាលើកចុងក្រោយក្នុងពានរង្វាន់ ONGC Nehru Cup Football កាលពីឆ្នាំ២០០៧ គឺក្រុមឥណ្ឌា បានបំបាក់ក្រុមគោព្រៃកម្ពុជា ដល់ទៅ ៦-០ ឯណោះ។ ចាំមើលតើក្រុមម្ចាស់ផ្ទះកម្ពុជា អាចសងសឹកបាន ទេល្ងាចនេះ?៕