(សៀមរាប)៖ ទំនិញខូចគុណភាពសរុបប្រមាណ៣០មុខ ស្មើនិងជិត៣តោន ត្រូវបានដុតកម្ទេចចោល បន្ទាប់ពីដើរប្រមូល តាមកន្លែង លក់ដូរនានានៅទូទាំងខេត្តសៀមរាបអស់រយៈពេលជាច្រើនខែមកនោះ។
ពិធីដុតកម្ទេចទំនិញខូចគុណភាពនេះធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប និងដោយមានការចូលរួមពីលោកអភិបាលស្រុក មន្រ្តីស្រុក ប្រាសាទបាគង មន្រ្តីកាំកុងត្រូល មន្រ្តីពាណិជ្ជកម្មខេត្ត អាជ្ញាធរ អង្គភាព ស្ថាប័ន អាជីវករ ប្រជាពលរដ្ឋ និងមន្រ្តីប្រព័ន្ធផ្សព្វផ្សាយផងដែរ។
មន្ត្រីកាំកុងត្រុលខេត្តសៀមរាប បានឱ្យដឹងថា ទំនិញដែលដុតកម្ទេចចោលនេះ គឺបានប្រមូលពីកន្លែងលក់ដូរចាប់តាំង ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ មានរយៈពេលសរុប៨ខែ។ ទំនិញដែលដុតកម្ទេចនេះ មានដូចជា មីកញ្ចប់, នំចម្រុះ, ទឹកដោះគោចម្រុះ, ទឹកក្រូចចម្រុះ, ទឹកផ្លែឈើចម្រុះ, ស្រាបៀរចម្រុះ, ប្រេងខ្យង, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកម្ទេស, ស្ពៃកំប៉ុង ម្សៅគីម, ហាមឃាត់បូរ៉ាក់ និងទំនិញចម្រុះជាច្រើនទៀត។
មន្ត្រីដដែលបន្តថា ទំនិញទាំងនេះសុទ្ធសឹងជាទំនិញខូចគុណភាព មានលាយបន្ថែមសារធាតុគីមីហាមឃាត់និងជាទំនិញ ហួសកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ ដែលអាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ហើយត្រូវបានសាខាកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្មខេត្ត បានដកហូតបាននៅតាមផ្សារលក់ទំនិញនានា តាមផ្ទះលក់ទំនិញនានា តាមម៉ាតនានា ស្ថិតក្នុងស្រុក-ក្រុងទាំង១២ នៃខេត្តសៀមរាប។
នៅក្នុងឱកាសនោះ លោកប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការត្រួតពិនិត្យគុណភាពទំនិញនៅតាមច្រកព្រំដែន នៅតែជារឿង សំខាន់បំផុតមិនអាចបណ្តែតបណ្តោយបាននោះឡើយ ដើម្បីទប់ស្កាត់ទំនិញគ្មានគុណភាព ការពារសុខភាពរបស់ប្រជាពលរដ្ឋ។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការត្រួតពិនិត្យគុណភាពទំនិញនៅតាមទីផ្សារ និងកន្លែងលក់ដូរនានាគឺជារឿងល្អមួយ តែការត្រួតពិនិត្យគុណភាពទំនិញនៅតាមច្រកព្រំដែន គឺរឹតតែសំខាន់ថែមទៀត។ លោកបន្តថា ដោយសារតែការមើលឃើញដូចនេះ លោកបានណែនាំមន្រ្តីកាំកុងត្រូលឲ្យរឹតបន្តឹង និងយកចិត្តទុកដាក់ខ្ពស់ចំពោះទំនិញនាំចូលពីប្រទេសនានា។
លោករដ្ឋមន្រ្តី បានបញ្ជាក់ទំនិញគ្រប់ប្រភេទទាំងអស់ដែលរកឃើញថា ខូចគុណភាព ឬ វេចខ្ចប់មិនបានត្រឹមត្រូវគឺត្រូវ ហាមឃាត់ទាំងអស់មិនអនុញ្ញាតឲ្យនាំចូលនោះឡើយ។ តែទោះជាយ៉ាងណា លោក ម៉ក់ ពេជ្ជរិទ្ធ បានបង្ហាញការរអ៊ូរទាំ ផងដែរ ចំពោះឈ្មួញខិលខូចមួយចំនួន នៅតែលួចលាក់នាំទំនិញខូចគុណភាពចូលតាមច្រករបៀងនានា ដែលកាំកុងត្រូលមិនអាចត្រួតពិនិត្យបាន។
បើតាមលោក ប៉ាន សូរស័ក្តិ មានទំនិញនាំចូលពីប្រទេសវៀតណាម និងថៃ មួយចំនួន ត្រូវបានរកឃើញថា ខូចគុណភាព និង មានសារធាតុគីមីនាំឲ្យប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់។
ជាមួយគ្នានេះលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល បានឲ្យដឹងថា ក្រៅពីមានរថយន្តត្រួតពិនិត្យគុណភាពទំនិញចល័យហើយនោះ នៅពេលឆាប់ៗខាងមុខនេះ ក៏នឹងមានរថយន្តត្រួតពិនិត្យ គុណភាពប្រេងឥន្ធនៈចល័យមួយគ្រឿងទៀត ចល័យត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈតាមស្ថានីយនានា ដើម្បីទប់ស្កាត់ការលក់ប្រេងមិនមានគុណភាព ឬមិនគ្រប់ចំណុះជាដើមនោះ។
លោកអគ្គនាយកកាំកុងត្រូល បានបន្ថែមថា ម៉ាស៊ីនត្រួតពិនិត្យគុណភាពប្រេងនេះ នឹងចល័តទៅពិនិត្យគ្រប់ស្ថានីយប្រេងឥន្ធនៈ ដើម្បី ទប់ស្កាត់នូវបញ្ហាខាងលើ។
សូមបញ្ជាក់ថា បច្ចុប្បន្នអគ្គនាយកដ្ឋានកាំកុងត្រូល មានរថយន្តត្រួតពិនិត្យគុណភាពទំនិញមួយគ្រឿង ដែលកំពុងចល័តតាមទីផ្សារនានា ដើម្បីស្វែងរកទំនិញគ្មានគុណភាព ហើយបានរកឃើញទំនិញខូចគុណភាព និងមានប្រើប្រាស់ជាតិគីមីជាដើមផងដែរ។
លោក ម៉ក់ ពេជ្ជរិទ្ធ បានចាត់ទុកវត្តមានរថយន្តត្រួតពិនិត្យគុណភាពទំនិញ និងរថយន្តត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈចល័តនេះ គឺជាកិច្ចខិតខំរបស់មន្រ្តីកាំកុងត្រូលក្នុងការរិះរកវិធីធ្វើយ៉ាងការពារប្រយោជន៍ និងសុខភាពរបស់ប្រជាពលរដ្ឋពីចំណីអាហារគ្មានគុណភាព ក៏ដូចជាការលក់ប្រេងមិនមានគុណភាពពីអ្នកលក់៕