(ភ្នំពេញ)៖ ពានរង្វាន់កីឡាកម្ពុជា លើកទី២ Cambodia Sport Award 2016 ចំនួន ៩ពានផ្សេងៗគ្នា ដែលសហការរៀបចំ រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងមជ្ឈមណ្ឌលកម្សាន្តណាហ្គាវើល ត្រូវបានប្រកាសជាផ្លូវការហើយ នៅក្នុងកម្មវិធីរាត្រីស្រមោលសរ នារាត្រីថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៧នេះ នៅសណ្ឋាគារណាហ្គាវើល ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ។
ចំពោះលទ្ធផលពានរង្វាន់កីឡាកម្ពុជា លើកទី២ ទាំង ៩ពាន រួមមានពានកីឡាករឆ្នើមបានទៅម្ចាស់មេដាយមាស កីឡាប៉េតង់ពិភពលោក ឆ្នាំ២០១៦ កីឡាករ សុខ ចាន់មាន ទទួលបានប្រាក់រង្វាន់ ២៥០០ដុល្លារ, ពានរង្វាន់កីឡាការិនី ឆ្នើមបានទៅម្ចាស់មេដាយមាសអាស៊ីផ្នែកកីឡាតេក្វាន់ដូកញ្ញា ស៊ន សៀវម៉ី ទទួលបានប្រាក់រង្វាន់ ២៥០០ដុល្លារ, ពានរង្វាន់កីឡាករពិការឆ្នើមបានទៅ ជឹម ផាន់ ទទួលបានប្រាក់រង្វាន់ ១៥០០ដុល្លារ, ពានកីឡាការិនីពិការឆ្នើមបានទៅកញ្ញា សៅ ធីតា ទទួលបានប្រាក់រង្វាន់ ១៥០០ដុល្លារ ។
ចំណែកពានគ្រូបង្វឹកឆ្នើមបានទៅលោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូក្លឹបបឹងកេតអង្គរ ទទួលបានប្រាក់រង្វាន់ ២០០០ដុល្លារ, ពានក្រុមឆ្នើមបានទៅក្រុម Cambodia All Stars ទទួលបានប្រាក់រង្វាន់ ២៥០០ដុល្លារ, ពានព្រឹទ្ធាចារ្យឆ្នើមបានទៅលោក ហុក ឈាងគីម ទទួលបានប្រាក់រង្វាន់ ២០០០ដុល្លារ, ពានកីឡាប្រពៃណីបានទៅ កញ្ញា ទ្រី សុថាវី ទទួលបានប្រាក់រង្វាន់ ១៥០០ដុល្លារ និងពានរូបថតកីឡាល្អបានទៅលោក គង ហន អ្នកសារព័ត៌មានទូរទស្សន៍ BTV-News ទទួលបានប្រាក់រង្វាន់ ១០០០ដុល្លារ ។
ថ្លែងក្នុងឱកាសនោះ លោក ថោង ខុន បានមានប្រសាសន៍ថា ពាននេះបង្កើតឡើង ដើម្បីលើកទឹកចិត្តការខិតខំរបស់ កីឡាករ-កីឡាការិនី គ្រូបង្វឹក និងព្រឹទ្ធាចារ្យកីឡាកម្ពុជា ដែលតែងលះបង់កម្លាំងកាយចិត្ត ដើម្បីដណ្ដើមកិត្តិយស និងបង្កើតស្នាដៃជូនជាតិ ហើយបន្ដគាំទ្រពួកគេឲ្យខិតខំបន្ថែមទៀត ដើម្បីបន្ដយុទ្ធនាចូលរួមប្រកួតលើឆាកអន្ដរជាតិ និងដណ្ដើមមេដាយជូនជាតិជាបន្ដបន្ទាប់ទៀត ។ ហើយតាមរយៈកម្មវិធីនេះ លោករំពឹងថា នឹងជំរុញវិស័យកីឡាកម្ពុជាឲ្យ កាន់តែ រីកចម្រើន ឆ្ពោះទៅស៉ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះតែម្ដង៕