(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានក្រើនរំឮកហើយរំឮកទៀត ដល់អាជ្ញាធរភូមិ/សង្កាត់គ្រប់មូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ឲ្យបានដិតដល់ ដាច់ខាតកុំឲ្យមានការថ្នាំងថ្នាក់ ពីប្រជាពលរដ្ឋឲ្យសោះ។
លោកក៏បានរំឮកដល់ប្រជាពលរដ្ឋផងដែរ កំភ្លេចចូលរួមបោះឆ្នោតរើសតំណាងសង្កាត់ដែលខ្លួនពេញចិត្ត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខកុំបីខាន។
ការជំរុញដល់អាជ្ញាធរ និងប្រជាពលរដ្ឋបែបនេះ ត្រូវបានលើកឡើងក្នុងឱកាសចុះចែកថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋ ក្រីក្រ ជនចាស់ជរា និងជនពិការ តាមខ្នងផ្ទះជាច្រើនគ្រួសារ នាល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុច សហគមន៍ជួរមាត់ទន្លេ ស្ថិតក្នុងភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។
លោកអភិបាលខណ្ឌបានលើកឡើងថា «ប្រសិនបើប្រជាពលរដ្ឋទាំងអស់ ប្រឈមនឹងបញ្ហាអសន្តិសុខ ដូចជាគ្រឿងញៀន ជាដើមនោះ ត្រូវប្រាប់មកអាជ្ញាធរភូមិ-សង្កាត់ភ្លាមៗ ដើម្បីមានវិធានការដោះស្រាយបញ្ហាសន្តិសុខ សុវត្ថិភាពផ្សេងៗ ជុំវិញការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន»។
លោកបានបន្តក្រើនរំឮកឲ្យប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ទាំងអស់គ្នា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ដើម្បីជ្រើសរើសតំណាងសង្កាត់របស់ខ្លួន ដែលតែងខិតខំធ្វើការងារជូនប្រជាពលរដ្ឋ។
បន្ទាប់ពីសំណេះសំណាលជាមួយប្រជាពលរដ្ឋចប់ លោក ជា ពិសី បានឧបត្ថម្ភជាថវិកាដល់ប្រជាពលរដ្ឋក្រីក្រ តាមលំនៅ ដ្ឋាននីមួយៗ សរុបចំនួន៥៨ម៉ឺនរៀល ដើម្បីជាចំណងដៃអនុស្សាវរីយ៍ រវាងពលរដ្ឋ និងថ្នាក់ដឹកនាំមូលដ្ឋាន៕