(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងនូវការរំពឹងទុកថា ក្នុងឱកាសបុណ្យទន្លេ លើកទី៣ ដែលនឹងប្រារព្ធឡើងនៅខេត្តស្ទឹងត្រែង រយៈពេល៣ថ្ងៃខាងមុខនោះ នឹងទទួលបានភ្ញៀវទេសចរចូលរួមប្រហែល ២ម៉ឺននាក់ ក្នុងមួយថ្ងៃ សរុបទាំង៣ថ្ងៃ ប្រហែល៥-៦ម៉ឺននាក់។
ក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ លោករដ្ឋមន្រ្តីបានឲ្យដឹងថា «ខ្ញុំគិតហើយថា មួយថ្ងៃប្រហែលជា២ម៉ឺននាក់ទេ ៣ថ្ងៃហ្នឹង បាន៥ម៉ឺន-៦ម៉ឺនទេ»។
ប្រមុខក្រសួងទេសចរណ៍បានបន្តថា ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៣ ខាងមុននេះ នឹងមានការចូលរួមច្រើន ពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរក្នុងស្រុក ពិសេសទៀតនោះ ភ្ញៀវទេសអន្តរជាតិនៅប្រទេសឡាវ ក៏នឹងមកចូលទស្សនាច្រើនដែរ។
ថ្វីត្បិតតែខេត្តស្ទឹងត្រែង មិនមានប្រជាជនរស់នៅច្រើន តែខេត្តភាគឦសានមួយនេះ មានតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតជាច្រើន និងសម្បូរបែប ពិសេសអន្លង់ផ្សោតដ៏ច្រើន ទេសភាពល្អឯកតាមដងទន្លេមេគង្គ ទន្លេស្រែពក ទន្លេសេសាន្ត ទន្លេសេកុង និងតំបន់ទេសចរណ៍ធម្មជាតិមួយចំនួនទៀត។
មិនត្រឹមតែប៉ុណ្ណោះ លោករដ្ឋមន្រ្តី ថោង ខុន បានសង្កត់ធ្ងន់ថា «ក្រៅពីទៅទស្សនាបុណ្យទន្លេ នៅខេត្តស្ទឹងត្រែងនោះ ភ្ញៀវទេសចរអាចឆ្លងទៅទស្សនាកម្សាន្តបន្ត នៅប្រទេសឡាវបានទៀតផង មិនចាំបាច់មានលិខិតឆ្លងដែននោះឡើយ ដោយគ្រាន់តែមានអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន នឹងអាចដើរកម្សាន្តដោយសេរី»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៣ នឹងត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥-២៦ ខែមីនា ឆ្នាំ២០១៧ ឆាប់ៗខាងមុខ លើទឹកដីខេត្តស្ទឹងត្រែង ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់ប្រជាជន វប្បធម៌ ទេសចរណ៍ និងបរិស្ថាន»៕